វិវរណៈ 11:15-19

វិវរណៈ 11:15-19 គកស១៦

ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។ ពេល​នោះ ចាស់​ទុំ​ទាំង​ម្ភៃបួន​រូប ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ ទាំង​ពោល​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ព្រះ‌អង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​តែ​ពី​ដើម​មក យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​ចាប់​ផ្ដើម​សោយ​រាជ្យ។ ជាតិ​សាសន៍​នានា​មាន​កំហឹង តែ​សេចក្តី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​មក​ដល់ ហើយ​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​ពួក​មនុស្ស​ស្លាប់ និង​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ជា​ពេល​ត្រូវ​បំផ្លាញ​អស់​អ្នក​ដែល​បំផ្លាញ​ផែនដី​ដែរ»។ ពេល​នោះ ព្រះ‌វិហារ​របស់​ព្រះ​នៅ​ស្ថាន‌សួគ៌ ក៏​បើក​ចំហ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​នោះ ហើយ​ក៏​មាន​ផ្លេក‌បន្ទោរ មាន​សូរ​សំឡេង មាន​ផ្គរ​លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ធ្លាក់​ព្រឹល​យ៉ាង​ខ្លាំង។

អាន វិវរណៈ 11