វិវរណៈ 11:15-19

វិវរណៈ 11:15-19 គខប

ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។ ពេល​នោះ ព្រឹទ្ធា‌ចារ្យ*​ទាំង​ម្ភៃ​បួន​រូប​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់ ក៏​នាំ​គ្នា​ក្រាប​ឱន​មុខ​ដល់​ដី ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់ ទាំង​ពោល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅ តាំង​ពី​ដើម​រៀង​មក​ដែរ! យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​យក​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ឡើង។ ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ ក៏​មក​ដល់​ដែរ គឺ​ជា​ពេល​កំណត់​ដែល​ព្រះអង្គ​វិនិច្ឆ័យ​ទោស មនុស្ស​ស្លាប់។ នៅ​ពេល​នោះ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់ ពួក​ព្យាការី*​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដល់​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះ‌នាម​ព្រះអង្គ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ព្រះអង្គ​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែនដី​ដែរ»។ ពេល​នោះ ទ្វារ​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះអង្គ​ក៏​លេច​មក​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។