ទំនុកតម្កើង 90:13-17

ទំនុកតម្កើង 90:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ? សូម​អាណិត​មេត្តា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង! ពេល​ព្រឹក សូម​ចម្អែត​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ត្រេក​អរ ហើយ​សប្បាយ​រីករាយ​អស់​មួយ​ជីវិត។ សូម​ប្រទានឲ្យ​យើង​ខ្ញុំ​បាន​សប្បាយរីករាយ ឲ្យ​ស្មើ​នឹង​ថ្ងៃ​ជា​ច្រើន​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ទុក្ខ​យើង​ខ្ញុំ គឺ​ឲ្យ​ស្មើ​នឹង​ឆ្នាំ​ជា​ច្រើន ដែល​យើង​ខ្ញុំ​បាន​ឃើញ សេចក្ដី​អាក្រក់នោះ​ដែរ។ សូម​សម្ដែង​កិច្ច​ការរបស់​ព្រះ‌អង្គ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ ហើយ​ព្រះចេស្ដាដ៏​រុង​រឿងរបស់​ព្រះ‌អង្គ ឲ្យ​កូន​ចៅ​របស់​គេ​ឃើញ​ផង។ សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់‌ខ្ជួន អើ សូម​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តទៅ។

ទំនុកតម្កើង 90:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​វិញ តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដ៏​លើស‌លុប​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ អស់​មួយ​ជីវិត។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។ សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្តែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ផង។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សម្តែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។

ទំនុកតម្កើង 90:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ សូម​សំរាល​ព្រះ‌ហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក‌រាយ​ឡើង ហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត សូម​ឲ្យ​យើង​ខ្ញុំ​បាន​ថ្ងៃ​អរ​សប្បាយ ឲ្យ​ស្មើ​នឹង​ថ្ងៃ ដែល​ទ្រង់​បាន​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ហើយ គឺ​ឲ្យ​ស្មើ​នឹង​អស់​ទាំង​ឆ្នាំ ដែល​យើង​ខ្ញុំ​ទ្រាំ​រង សេចក្ដី​អាក្រក់​នោះ សូម​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​សំដែង​មក​ច្បាស់ ដល់​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​កូន​ចៅ​គេ​ផង សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង អើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិត‌ស្ថេរ​ចុះ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ