ទំនុកតម្កើង 80:1-19

ទំនុកតម្កើង 80:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​ដែល​ជា​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​យើង​ខ្ញុំ ព្រះអង្គ​ដឹក​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​ព្រះអង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ សូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​របស់​ព្រះអង្គ សូម​សម្តែង​ព្រះ‌ចេស្ដា​ឲ្យ​កុល‌សម្ព័ន្ធ អេប្រាអ៊ីម បេន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញ សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ មិន​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ព្រះអង្គ ដល់​កាល​ណា​ទៀត? ព្រះអង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេង ឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ជិត​ខាង​ឈ្លោះ​គ្នា ដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​ចំអក​ឡក‌ឡឺយ​ឲ្យ​យើង​ខ្ញុំ។ ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ព្រះអង្គ​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។ ព្រះអង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫស ហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក ម្លប់​ទំពាំង‌បាយជូរ​គ្រប​ដណ្តប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វា​គ្រប ពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។ ដើម​ទំពាំង‌បាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រ ហើយ​មាន​ពន្លក​លាស់​ចេញ​មក រហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​រំលំ​របង​ចម្ការ ទំពាំង‌បាយជូរ​នេះ បណ្ដាល​ឲ្យ​អស់​អ្នក​ធ្វើ​ដំណើរ កាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ? ជ្រូក​ព្រៃ​មក​បំផ្លិច‌បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ ហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើម ទំពាំង‌បាយជូរ​នេះ​ដែរ។ ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​យាង​មក​វិញ! សូម​ទត​មើល​ពី​ស្ថាន​បរម‌សុខ​មក! សូម​យាង​មក​ជួយ​ចម្ការ​ទំពាំង‌បាយជូរ​នេះ​ផង! សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ព្រះអង្គ​បាន​ដាំ ដោយ​ព្រះអង្គ​ផ្ទាល់ គឺ​បុត្រ​ដែល​ព្រះអង្គ​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង! សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ និង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយជូរ​នេះ ត្រូវ​វិនាស​សូន្យ​ទៅ នៅ​ពេល​ព្រះអង្គ​គំរាម​កំហែង​ពួក​គេ។ សូម​ដាក់​ព្រះ‌ហស្ដ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះអង្គ គឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះអង្គ​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។ យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត ចេញ​ពី​ព្រះអង្គ​ទៀត​ឡើយ សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​គោរព​បម្រើ​ព្រះ‌នាម​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

ទំនុកតម្កើង 80:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ឡើង នៅ​ចំពោះ​ពួកអេប្រាអិម បេនយ៉ាមីន និង​ម៉ាណា‌សេ ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង! ឱ​ព្រះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ នៅ​ពេល​គេ​អធិស្ឋាន​រក​ព្រះ‌អង្គ ដល់​កាល​ណា​ទៀត? ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ភ្នែក​ដល់​គេ​ជំនួស​នំប៉័ង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​សើច​ចំអក។ ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ៙ ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍នានា​ចេញ ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​វិញ។ ព្រះ‌អង្គ​បានជម្រះ​ដី​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​យ៉ាង​ជ្រៅ ហើយ​ដុះពាស​ពេញ​ក្នុង​ស្រុក។ ម្លប់​ដើម​ទំពាំង​បាយ​ជូរ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វាក៏​គ្រប​លើ​ដើម​តា‌ត្រៅ​ខ្ពស់ៗ។ ដើម​ទំពាំង​បាយ​ជូរ​នោះ​បែក​មែក រហូត​ទៅ​ដល់​សមុទ្រ ហើយ​ពន្លក​របស់​វារហូត​ទៅ​ដល់​ទន្លេអឺប្រាត។ តែ​ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ រំលំ​របងចម្ការ​ទំពាំង​បាយ​ជូរ​នេះ ធ្វើ​ឲ្យ​អស់​អ្នកដែល​ដើរ​តាម​នោះ​បេះ​ផ្លែ​វា​ដូច្នេះ? ជ្រូក​ចេញ​ពី​ព្រៃ​មក​ឈ្មុសបំផ្លាញ ហើយ​អស់​ទាំង​សត្វ​នៅទី​វាល ក៏​ស៊ី​ទំពាំង​បាយ​ជូរ​នេះ​ដែរ។ ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ព្រះ‌អង្គ​បែរ​មក​វិញ ហើយ​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌​មក សូម​ប្រោស​ប្រណី​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ដាំ ជា​កូន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ឲ្យ​មាន​កម្លាំង​សម្រាប់​អង្គ​ទ្រង់។ ខ្មាំង​សត្រូវ​បាន​យក​ភ្លើង ដុត​ដើម​ទំពាំង​បាយ​ជូរ​នេះ គេបាន​កាប់​វាចោល សូម​ឲ្យ​គេ​វិនាស​ដោយ​ការ​បន្ទោស ចេញ​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ! ប៉ុន្ដែ សូម​ឲ្យ​ព្រះ‌ហស្ត​ព្រះ‌អង្គ​ស្ថិតនៅ​លើ អ្នកដែល​នៅ​ខាង​ស្ដាំ​ព្រះ‌ហស្ត​ព្រះ‌អង្គ គឺ​កូន​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំង សម្រាប់​អង្គ​ទ្រង់! យ៉ាង​នោះ យើង​ខ្ញុំ​នឹង​មិន​បែរ​ចេញ ពី​ព្រះ‌អង្គ​ឡើយ សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​រាន មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវរក​ព្រះ‌នាម​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

ទំនុកតម្កើង 80:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ​ដ៏​ឃ្វាល​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្តាល​ចេរូប៊ីន​អើយ សូម​ភ្លឺ​មក សូម​បណ្តាល​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឡើង នៅ​ចំពោះ​ពួក អេប្រា‌អិម បេន‌យ៉ាមីន នឹង​ម៉ាន៉ាសេ ហើយ​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ឱ​ព្រះ‌អង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ទ្រង់​នឹង​ខ្ញាល់​ទាស់​នឹង​សេចក្ដី​អធិស្ឋាន​របស់ រាស្ត្រ​ទ្រង់​ដល់​កាល​ណា ទ្រង់​បាន​ឲ្យ​គេ​បរិភោគ​នំបុ័ង​ដែល​នាំ​ឲ្យ​ស្រក់​ទឹក​ភ្នែក ព្រម​ទាំង​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់​ហើយ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាង ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ក៏​សើច​ឡក​ក្នុង​ពួក​គេ ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។ ៙ ទ្រង់​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ហើយ​បាន​ដាំ​ដើម​នោះ​វិញ ទ្រង់​បាន​រៀប​កន្លែង​នៅ​ជុំវិញ ហើយ​ដើម​នោះ​ក៏​ចាក់​ឫស​បែក​សាយ​ទៅ​ពេញ​ក្នុង​ស្រុក ម្លប់​ដើម​នោះ​បាន​គ្រប​ពេញ​លើ​អស់​ទាំង​ភ្នំ ហើយ​ខ្នែង​ក៏​បាន​ដូច​ជា​ដើម​តាត្រៅ​នៃ​ព្រះ បាន​បោះ​ខ្នែង​រហូត​ដល់​សមុទ្រ ហើយ​លំពង់​ដល់​ទន្លេ ហេតុ​អ្វី​បាន​ជា​ទ្រង់​រំលំ​របង​ចេញ ឲ្យ​អស់​អ្នក​ដើរ​តាម​នោះ បាន​បោច​បំផ្លាញ​ដូច្នេះ ជ្រូក​ក៏​ចេញ​ពី​ព្រៃ​មក​ឈ្មុស ហើយ​សត្វ​នៅ​វាល​ក៏​ស៊ី​បំផ្លាញ​ដែរ ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ យើង​ខ្ញុំ​អង្វរ​ដល់​ទ្រង់ សូម​បែរ​មក​វិញ ហើយ​ទត​ពី​លើ​ស្ថាន‌សួគ៌​មក​មើល ព្រម​ទាំង​ប្រោស​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ដាំ ជា​ខ្នែង​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង​សំរាប់​អង្គ​ទ្រង់ ដើម​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​ត្រូវ​កាប់​ចេញ គេ​ត្រូវ​វិនាស​ដោយ​ព្រះ‌ភក្ត្រ​ទ្រង់​ទត​បន្ទោស សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​ថែ​រក្សា​ដល់​អ្នក ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​តាំង​ឡើង គឺ​ជា​កូន​មនុស្ស​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង សំរាប់​អង្គ​ទ្រង់ យ៉ាង​នោះ យើង​ខ្ញុំ​នឹង​មិន​ថយ​ចេញ​ពី​ទ្រង់​ឡើយ សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។