ទំនុកតម្កើង 73:1-28
ទំនុកតម្កើង 73:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពិតមែនហើយ ព្រះជាម្ចាស់មាន ព្រះហឫទ័យសប្បុរស ចំពោះជនជាតិអ៊ីស្រាអែល និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន ដោយឃើញជនពាលទាំងនោះ បានចម្រុងចម្រើន ។ ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។ គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។ ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសម្លៀកបំពាក់។ គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ គំនិតអប្រិយរបស់ពួកគេ ក៏លេចចេញមកយ៉ាងច្បាស់ដែរ។ គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។ មាត់របស់គេពោលពាក្យប្រមាថព្រះជាម្ចាស់ ហើយអណ្ដាតរបស់គេឥតសំចៃនរណាម្នាក់ នៅលើផែនដីឡើយ។ ហេតុនេះ សូម្បីតែប្រជារាស្ដ្រ របស់ព្រះជាម្ចាស់ ក៏វង្វេងទៅតាមពួកគេ ព្រមទាំងចូលចិត្តស្ដាប់ពាក្យសម្ដី របស់ពួកគេ ដូចផឹកទឹក។ គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! នេះហើយមនុស្សពាល! ពួកគេបានសុខជានិច្ច ពួកគេបានចម្រុងចម្រើនរហូត! រីឯទូលបង្គំវិញ ទូលបង្គំខំប្រឹងកាន់ចិត្តបរិសុទ្ធ ហើយចៀសវាងប្រព្រឹត្តអំពើបាប តែឥតបានផលអ្វីសោះ! ដ្បិតទូលបង្គំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ ទូលបង្គំទទួលទារុណកម្មរាល់ព្រឹក។ ប្រសិនបើទូលបង្គំសម្រេចចិត្តធ្វើដូចពួកគេដែរនោះ ទូលបង្គំមុខជាក្បត់បងប្អូនរបស់ទូលបង្គំ ដែលជាបុត្ររបស់ព្រះអង្គមិនខាន។ ទូលបង្គំខិតខំរិះគិតចង់យល់អំពីបញ្ហានេះ ប៉ុន្តែ ពិបាកយល់ណាស់ រហូតទាល់តែទូលបង្គំចូលមកដល់ ទីសក្ការៈរបស់ព្រះជាម្ចាស់ ទើបទូលបង្គំយល់ថាចុងបញ្ចប់របស់មនុស្ស អាក្រក់នឹងក្លាយទៅជាយ៉ាងណា។ តាមពិត ព្រះអង្គបានដាក់ពួកគេ នៅជម្រាលមួយដ៏រអិល ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងមហន្តរាយ ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ពួកគេនឹងវិនាសបាត់បង់ ពួកគេនឹងត្រូវអន្តរាយ រលាយសូន្យទៅយ៉ាងរន្ធត់បំផុត។ ព្រះអម្ចាស់អើយ ពេលព្រះអង្គតើនឡើង ព្រះអង្គនឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ ដូចការយល់សប្ដិ។ ពេលទូលបង្គំឆ្អែតចិត្ត ហើយពេលទូលបង្គំឈឺចាប់ក្នុងឱរា នោះទូលបង្គំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់ ហើយទូលបង្គំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះព្រះភ័ក្ត្រព្រះអង្គដែរ។ ប៉ុន្តែ ទូលបង្គំនៅជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្ដាំរបស់ទូលបង្គំ ព្រះអង្គដឹកនាំទូលបង្គំឲ្យដើរ តាមព្រះហឫទ័យរបស់ព្រះអង្គ ហើយនៅទីបញ្ចប់ ព្រះអង្គនឹងទទួលទូលបង្គំ នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ នៅស្ថានបរមសុខ ទូលបង្គំគ្មានទីពឹងណា ផ្សេងទៀត ក្រៅពីព្រះអង្គឡើយ នៅលើផែនដី បើព្រះអង្គគង់នៅជាមួយទូលបង្គំ ទូលបង្គំក៏មិនចង់បានអ្វីផ្សេងទៀតដែរ។ រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។ អស់អ្នកដែលងាកចេញឆ្ងាយ ពីព្រះអង្គនឹងត្រូវអន្តរាយ ហើយព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រាកដមែន ព្រះល្អដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តបរិសុទ្ធ។ តែឯទូលបង្គំវិញ ជើងទូលបង្គំសឹងតែនឹងជំពប់ដួល ជំហានទូលបង្គំហៀបតែនឹងរអិលទៅហើយ។ ដ្បិតទូលបង្គំមានចិត្តច្រណែន នឹងមនុស្សអួតអាង ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។ ៙ ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់ រូបកាយរបស់គេធាត់រលោង។ គេមិនស្គាល់ទុក្ខលំបាកដូចមនុស្សឯទៀតឡើយ ក៏មិនដែលវេទនា ដូចមនុស្សដទៃដែរ។ គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។ ភ្នែកគេលៀនចេញដោយមានសាច់ច្រើន ចិត្តគេហូរហៀរដោយសេចក្ដីចំកួត។ គេចំអកឡកឡឺយ ហើយពោលពាក្យអាក្រក់ គេស្រែកគំរាមក្ដែងៗពីការសង្កត់សង្កិន។ គេតាំងមាត់របស់គេទាស់នឹងស្ថានសួគ៌ ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី។ ៙ ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ ងាកទៅសរសើរគេ ហើយមិនឃើញថាគេមានកំហុសអ្វីឡើយ ។ គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?» មើល៍ នេះហើយមនុស្សអាក្រក់ គេចេះតែសុខស្រួលជានិច្ច ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។ ឯទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធ ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ។ ដ្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់ព្រឹក។ ៙ ប្រសិនបើទូលបង្គំពោលថា «ខ្ញុំនឹងនិយាយដូច្នេះដូចគេដែរ» នោះទូលបង្គំឈ្មោះថាបានក្បត់បងប្អូន ដែលជាកូនរបស់ព្រះអង្គមិនខាន។ តែកាលទូលបង្គំគិតពិចារណា ចង់យល់ពីរឿងនេះ នោះពិបាកយល់ដល់ទូលបង្គំណាស់ រហូតទាល់តែទូលបង្គំបានចូលទៅក្នុង ទីបរិសុទ្ធរបស់ព្រះ នោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេ។ តាមពិត ព្រះអង្គបានដាក់ឲ្យគេ ឈរនៅកន្លែងដ៏រអិល ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងសេចក្ដីវិនាស។ គេត្រូវអន្តរធានទៅយ៉ាងឆាប់ដល់ម៉្លេះ គេត្រូវរលាយសូន្យទៅ ដោយហេតុគួរស្ញែង! គេប្រៀបដូចយល់សប្តិក្រោយពេលភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលព្រះអង្គតើនឡើង ព្រះអង្គមិនចង់ឃើញរូបគេឡើយ។ ៙ កាលទូលបង្គំកើតមានចិត្តជូរល្វីង កាលទូលបង្គំឈឺចាប់ក្នុងទ្រូង នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។ ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។ ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។ នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។ ៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។ រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អ ដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តត្រចះ តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្ដីចំរើនរបស់មនុស្សអាក្រក់នោះ។ ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះ គឺកំឡាំងគេនៅតែមាំមួនដដែល គេមិនមានទុក្ខ ដូចជាមនុស្សធម្មតាឡើយ ក៏មិនត្រូវវេទនា ដូចមនុស្សដទៃដែរ ហេតុនោះបានជាសេចក្ដីអំនួតរបស់គេ ប្រៀបដូចជាខ្សែច្រវាក់ពាក់នៅក ហើយគេប្រដាប់ខ្លួន ដោយសេចក្ដីច្រឡោត ភ្នែកគេលៀនចេញ ដោយមានសាច់ច្រើន គេមានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែង ដោយចិត្តអាក្រក់ ក៏និយាយដោយពាក្យធំខ្ពស់ គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌ ហើយអណ្តាតគេបង្វិលទៅមកពេញលើផែនដី។ ៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះ ក៏ផឹកសំរេងទឹកដែលពេញពែងផង គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ នេះហើយដែលហៅថាមនុស្សអាក្រក់ ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួល បានជាទ្រព្យសម្បត្តិគេចំរើនឡើង យ៉ាងនោះ ការដែលទូលបង្គំបានជំរះចិត្ត ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។ ៙ បើសិនជាទូលបង្គំបានពោលថា អញនឹងនិយាយដូច្នេះដែរ នោះឈ្មោះថាបានក្បត់ពូជពង្សនៃកូនចៅទ្រង់ហើយ កាលទូលបង្គំបានពិចារណា ដើម្បីចង់ដឹងច្បាស់ពីសេចក្ដីនេះ នោះក៏ពិបាកដល់ទូលបង្គំណាស់ ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ហើយបានពិចារណាពីចុងបំផុតរបស់គេ ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥល ទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។ ៙ ដូច្នេះ កាលទូលបង្គំមានសេចក្ដីកំរើកក្នុងចិត្ត ហើយមានសេចក្ដីចាក់ចុចក្នុងថ្លើម នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់ ប៉ុន្តែទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច ទ្រង់បានកាន់ដៃស្តាំនៃទូលបង្គំ ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់ រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។ ៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់ ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។