ទំនុកតម្កើង 73:1-28

ទំនុកតម្កើង 73:1-28 គខប

ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មាន ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើង គឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន ព្រោះ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ព្រហើន ដោយ​ឃើញ​ជន​ពាល​ទាំង​នោះ បាន​ចម្រុង‌ចម្រើន ។ ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ គេ​មាន​សាច់​មាន​ឈាម។ គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃ ហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។ ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិ ហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​ជា​សម្លៀក‌បំពាក់។ គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ គំនិត​អប្រិយ​របស់​ពួក​គេ ក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។ គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​និយាយ​ក្ដែងៗ ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។ មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់ នៅ​លើ​ផែនដី​ឡើយ។ ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្រ របស់​ព្រះ‌ជាម្ចាស់ ក៏​វង្វេង​ទៅ​តាម​ពួក​គេ ព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដី របស់​ពួក​គេ ដូច​ផឹក​ទឹក។ គេ​ពោល​ថា ព្រះ‌ជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ! នេះ​ហើយ​មនុស្ស​ពាល! ពួក​គេ​បាន​សុខ​ជានិច្ច ពួក​គេ​បាន​ចម្រុង‌ចម្រើន​រហូត! រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ខំ​ប្រឹង​កាន់​ចិត្ត​បរិសុទ្ធ ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​បាប តែ​ឥត​បាន​ផល​អ្វី​សោះ! ដ្បិត​ទូលបង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។ ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ ទូលបង្គំ​មុខ​ជា​ក្បត់​បងប្អូន​របស់​ទូលបង្គំ ដែល​ជា​បុត្រ​របស់​ព្រះអង្គ​មិន​ខាន។ ទូលបង្គំ​ខិត‌ខំ​រិះគិត​ចង់​យល់​អំពី​បញ្ហា​នេះ ប៉ុន្តែ ពិបាក​យល់​ណាស់ រហូត​ទាល់​តែ​ទូលបង្គំ​ចូល​មក​ដល់ ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទើប​ទូលបង្គំ​យល់​ថា​ចុង​បញ្ចប់​របស់​មនុស្ស អាក្រក់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ តាម​ពិត ព្រះអង្គ​បាន​ដាក់​ពួក​គេ នៅ​ជម្រាល​មួយ​ដ៏​រអិល ព្រះអង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ពួក​គេ​នឹង​វិនាស​បាត់​បង់ ពួក​គេ​នឹង​ត្រូវ​អន្តរាយ រលាយ​សូន្យ​ទៅ​យ៉ាង​រន្ធត់​បំផុត។ ព្រះ‌អម្ចាស់​អើយ ពេល​ព្រះអង្គ​តើន​ឡើង ព្រះអង្គ​នឹង​រំលាយ​ពួក​គេ​ឲ្យ​វិនាស​បាត់​ទៅ ដូច​ការ​យល់​សប្ដិ។ ពេល​ទូលបង្គំ​ឆ្អែត​ចិត្ត ហើយ​ពេល​ទូលបង្គំ​ឈឺ​ចាប់​ក្នុង​ឱរា នោះ​ទូលបង្គំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើ មិន​យល់​អ្វី​ទាំង​អស់ ហើយ​ទូលបង្គំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ដែរ។ ប៉ុន្តែ ទូលបង្គំ​នៅ​ជា​មួយ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​កាន់​ដៃ​ស្ដាំ​របស់​ទូលបង្គំ ព្រះអង្គ​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​នៅ​ទី​បញ្ចប់ ព្រះអង្គ​នឹង​ទទួល​ទូលបង្គំ នៅ​ក្នុង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ នៅ​ស្ថាន​បរម‌សុខ ទូលបង្គំ​គ្មាន​ទី​ពឹង​ណា ផ្សេង​ទៀត ក្រៅ​ពី​ព្រះអង្គ​ឡើយ នៅ​លើ​ផែនដី បើ​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។ រូប​កាយ និង​ចិត្ត​គំនិត របស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗ ក៏​ប៉ុន្តែ ព្រះអង្គ​នៅ​តែ​ជា​បង្អែក និង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ រហូត​ត​ទៅ។ អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ព្រះអង្គ​នឹង​ត្រូវ​អន្តរាយ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ក្បត់​ព្រះអង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​មាន​សុភមង្គល តែ​នៅ​ពេល​ណា​ទូលបង្គំ នៅ​ជា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ ទូលបង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។