ទំនុកតម្កើង 68:1-10
ទំនុកតម្កើង 68:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះជាម្ចាស់ក្រោកឡើង ខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ព ហើយអស់អ្នកដែលស្អប់ព្រះអង្គ នឹងនាំគ្នារត់ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ ព្រះអង្គនឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ ។ រីឯមនុស្សសុចរិតវិញនឹងបានរីករាយ គេនឹងអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេមានអំណរសប្បាយយ៉ាងខ្លាំង។ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរស្មូត្រទំនុកតម្កើង ព្រះនាមព្រះអង្គ! ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ ដែលជិះសេះកាត់អាកាសវេហាស៍! ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ! ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ* ព្រះអង្គជាឪពុករបស់ក្មេងកំព្រា ព្រះអង្គរកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។ ព្រះជាម្ចាស់ប្រទានគ្រួសារ ឲ្យមនុស្សឯកោ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។ បពិត្រព្រះជាម្ចាស់ ពេលព្រះអង្គនាំមុខប្រជារាស្ដ្ររបស់ព្រះអង្គ ពេលព្រះអង្គយាងនៅវាលរហោស្ថាន - សម្រាក ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។ ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គ ដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ បានរស់រានឡើងវិញ។ ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ លើទឹកដីនោះ ដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស ចំពោះពួកគេដែលជាជនកម្សត់ទុគ៌ត។
ទំនុកតម្កើង 68:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមព្រះក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយឲ្យអស់អ្នកដែលស្អប់ព្រះអង្គ រត់ចេញពីព្រះភក្ត្រព្រះអង្គ! សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។ តែសូមឲ្យមនុស្សសុចរិតបានសប្បាយរីករាយ គេនឹងរីករាយនៅចំពោះព្រះ គេនឹងមានអំណរសប្បាយយ៉ាងខ្លាំង! ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរព្រះនាមព្រះអង្គ ចូរស្រែកច្រៀងថ្វាយព្រះអង្គ ដែលជិះរាជរថកាត់ទីរហោស្ថាន ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។ ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។ ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។ ៙ ឱព្រះអើយ កាលព្រះអង្គយាងនាំមុខ ប្រជារាស្ត្ររបស់ព្រះអង្គចេញទៅ កាលព្រះអង្គបានយាងកាត់ទីហោស្ថាន -បង្អង់ នោះផែនដីរញ្ជួយ ហើយមេឃក៏បង្អុរភ្លៀង នៅចំពោះព្រះ គឺព្រះនៃភ្នំស៊ីណាយ នៅចំពោះព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។ ឱព្រះអើយ ព្រះអង្គបានបង្អុរភ្លៀងជាបរិបូរ ព្រះអង្គបានធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអង្គ ដែលខ្សោះល្វើយ បានស្រស់បស់ឡើងវិញ ប្រជារាស្ត្រព្រះអង្គរកបាន ទីអាស្រ័យក្នុងស្រុកនោះ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះអង្គបានផ្គត់ផ្គង់មនុស្សកម្សត់ទុគ៌ត។
ទំនុកតម្កើង 68:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមព្រះអង្គទ្រង់ឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យអស់អ្នកដែលស្អប់ទ្រង់ រត់ពីចំពោះទ្រង់ចេញ សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង តែសូមឲ្យមនុស្សសុចរិតបានរីករាយសប្បាយវិញ ឲ្យគេបានត្រេកអរនៅចំពោះព្រះចុះ អើ សូមឲ្យគេបានរីករាយឡើងដោយសេចក្ដីអំណរផង ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ ទីរហោស្ថានមក ទ្រង់ព្រះនាមជាព្រះយេហូវ៉ា ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ ទ្រង់ជាឪពុកដល់ពួកកំព្រា នឹងជាចៅក្រមដល់ពួកមេម៉ាយ ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចំរើន តែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។ ៙ ឱព្រះអង្គអើយ កាលទ្រង់បានយាងចេញនាំមុខ រាស្ត្រទ្រង់ទៅ នៅវេលាដែលទ្រង់បានយាងកាត់ទីហោស្ថាន – បង្អង់ នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀង នៅចំពោះទ្រង់ ភ្នំស៊ីណាយក៏កក្រើកញ័រ នៅចំពោះព្រះ គឺជាព្រះ នៃសាសន៍អ៊ីស្រាអែល ឱព្រះអង្គអើយ ទ្រង់បានបង្អុរភ្លៀងជាបរិបូរ ក៏បានតាំងមរដកទ្រង់ដែលហេវនោះ ឲ្យជាប់មាំមួនឡើង ពួកកងរបស់ទ្រង់បានអាស្រ័យនៅស្រុកនោះ ឱព្រះអង្គអើយ ទ្រង់បានផ្គត់ផ្គង់ដល់ពួកមនុស្សក្រីក្រ ដោយសេចក្ដីសប្បុរសនៃទ្រង់