ទំនុកដំកើង 68
68
ទំនុកជាបទចំរៀងរបស់ស្តេចដាវីឌដែលទ្រង់លើកសំរាប់មេភ្លេង។
1សូមព្រះអង្គទ្រង់ឈរឡើង
ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ
ហើយឲ្យអស់អ្នកដែលស្អប់ទ្រង់ រត់ពីចំពោះទ្រង់ចេញ
2សូមទ្រង់បណ្តេញគេចេញ
ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ
សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ
ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង
3តែសូមឲ្យមនុស្សសុចរិតបានរីករាយសប្បាយវិញ
ឲ្យគេបានត្រេកអរនៅចំពោះព្រះចុះ
អើ សូមឲ្យគេបានរីករាយឡើងដោយសេចក្ដីអំណរផង
4ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់
ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់
ទីរហោស្ថានមក
ទ្រង់ព្រះនាមជាព្រះយេហូវ៉ា
ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ
5ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ
ទ្រង់ជាឪពុកដល់ពួកកំព្រា
នឹងជាចៅក្រមដល់ពួកមេម៉ាយ
6ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង
ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចំរើន
តែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។
7៙ ឱព្រះអង្គអើយ កាលទ្រង់បានយាងចេញនាំមុខ
រាស្ត្រទ្រង់ទៅ
នៅវេលាដែលទ្រង់បានយាងកាត់ទីហោស្ថាន – បង្អង់
8នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀង
នៅចំពោះទ្រង់
ភ្នំស៊ីណាយក៏កក្រើកញ័រ នៅចំពោះព្រះ គឺជាព្រះ
នៃសាសន៍អ៊ីស្រាអែល
9ឱព្រះអង្គអើយ ទ្រង់បានបង្អុរភ្លៀងជាបរិបូរ
ក៏បានតាំងមរដកទ្រង់ដែលហេវនោះ ឲ្យជាប់មាំមួនឡើង
10ពួកកងរបស់ទ្រង់បានអាស្រ័យនៅស្រុកនោះ
ឱព្រះអង្គអើយ
ទ្រង់បានផ្គត់ផ្គង់ដល់ពួកមនុស្សក្រីក្រ
ដោយសេចក្ដីសប្បុរសនៃទ្រង់
11ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូល
ហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹង
នោះមានគ្នាច្រើនណាស់
12ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅ
ហើយពួកស្រីៗដែលនៅផ្ទះក៏ចែករបឹបគ្នា
13ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វ
គង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់
ហើយរោមក៏ស្រោបដោយមាសលឿង
14នៅវេលាដែលព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់កំចាត់
ពួកស្តេចនៅក្នុងស្រុក
នោះបានដូចជាវេលាដែលហិមៈធ្លាក់នៅលើភ្នំសាលម៉ូន។
15ភ្នំបាសានជាភ្នំនៃព្រះ ភ្នំបាសានក៏មានកំពូលខ្ពស់
16ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើល
ដោយច្រណែន
ដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះ
អើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច
17អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន
គឺទាំងពាន់ៗ
ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ
នៅភ្នំស៊ីណាយ
18ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់
ពួកឈ្លើយនាំទៅជាឈ្លើយ
ព្រមទាំងទទួលអំណោយទានសំរាប់ចែកឲ្យដល់មនុស្ស
គឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះ
ដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ
19សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ
ដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃ
គឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។ –បង្អង់
20៙ ព្រះ ទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួច
ហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ា
ជាព្រះអម្ចាស់ដែរ
21តែព្រះទ្រង់នឹងវាយបំបែកក្បាលពួកខ្មាំងសត្រូវទ្រង់
នឹងស្បែកក្បាលរបស់អស់អ្នកដែលចេះតែដើរក្នុងសេចក្ដីកំហុសរបស់ខ្លួនដែរ
22ព្រះអម្ចាស់ទ្រង់មានបន្ទូលថា
អញនឹងនាំគេត្រឡប់មកពីស្រុកបាសាន
អញនឹងនាំគេឲ្យវិលពីបាតសមុទ្រមកវិញ
23ដើម្បីឲ្យឯងបានជាន់ឈ្លីគេ
ព្រមទាំងជ្រលក់ជើងឯងក្នុងឈាមផង
ប្រយោជន៍ឲ្យអណ្តាតឆ្កែបានចំណែកនៃខ្មាំងសត្រូវ
របស់ទ្រង់ដែរ
24ឱព្រះអង្គអើយ គេបានឃើញការយាងយាសនៃទ្រង់
ជាដំណើររបស់ព្រះនៃទូលបង្គំ គឺជាស្តេចនៃទូលបង្គំ
ដែលទ្រង់យាងចូលទៅក្នុងទីបរិសុទ្ធ
25ពួកចំរៀងបានដើរនាំមុខ ពួកភ្លេងបានដើរតាមក្រោយ
នៅកណ្តាលពួកស្រីក្រមុំដែលវាយក្រាប់
26ឱអស់អ្នកដែលកើតពីទីកំណើតនៃអ៊ីស្រាអែលអើយ
ចូរលើកដំកើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ
27នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់
ដែលគ្រប់គ្រងលើគេ
ពួកចៅហ្វាយនៃយូដា នឹងក្រុមជំនុំរបស់គេ
ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន
ហើយពួកចៅហ្វាយនៃណែបថាលីផង
28ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កំឡាំងដល់ឯង
ឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការ
ដែលទ្រង់បានប្រោសដល់យើងខ្ញុំផង
29ឯពួកស្តេច គេនឹងនាំយកដង្វាយមកថ្វាយទ្រង់
ដោយយល់ដល់ព្រះវិហារនៃទ្រង់
ដែលនៅក្រុងយេរូសាឡិម
30សូមស្តីបន្ទោសដល់សត្វ ដែលនៅកណ្តាលដើមត្រែង
នឹងហ្វូងគោឈ្មោល ព្រមទាំងកូនគោនៃសាសន៍
ទាំងឡាយផង
ឲ្យគ្រប់គ្នាមកក្រាបចុះ ថ្វាយប្រាក់ទាំងដុំៗ
ទ្រង់បានកំចាត់កំចាយអស់ទាំងសាសន៍
ដែលពេញចិត្តនឹងការសឹកសង្គ្រាម
31ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមក
ឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។
32៙ អស់ទាំងនគរនៅផែនដីអើយ
ចូរច្រៀងថ្វាយព្រះ
ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ចុះ –បង្អង់
33គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់
ផ្ទៃមេឃ ដ៏នៅតាំងពីបូរាណមក
ន៏ ទ្រង់បញ្ចេញព្រះសូរសៀង
គឺជាសំនៀងដ៏ខ្លាំងក្រៃលែង
34ចូរសរសើរថា ព្រះទ្រង់មានព្រះចេស្តា
ឫទ្ធានុភាពនៃទ្រង់គ្របលើសាសន៍អ៊ីស្រាអែល
ហើយព្រះចេស្តាទ្រង់ក៏នៅលើលើផ្ទៃមេឃ
35ឱព្រះអង្គ ទ្រង់គួរស្ញែងខ្លាចនៅក្នុងទីបរិសុទ្ធរបស់ទ្រង់
ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រទានកំឡាំង
នឹងអំណាចដល់រាស្ត្រទ្រង់
សូមឲ្យព្រះបានប្រកបដោយព្រះពរចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 68: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.