ទំនុកតម្កើង 68:1-10

ទំនុកតម្កើង 68:1-10 គកស១៦

សូម​ព្រះ​ក្រោក​ឡើង សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ ហើយ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ រត់​ចេញ​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ! សូម​ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ ដូច​ផ្សែងដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ សូម​ឲ្យ​មនុស្ស​អាក្រក់​វិនាស​បាត់​នៅ​ចំពោះ​ព្រះ ដូច​ក្រមួន​ដែល​រលាយ​នៅ​ចំពោះ​ភ្លើង។ តែ​សូម​ឲ្យ​មនុស្ស​សុចរិត​បាន​សប្បាយ​រីករាយ គេ​នឹង​រីករាយ​នៅ​ចំពោះ​ព្រះ គេ​នឹង​មានអំណរ​សប្បាយ​យ៉ាង​ខ្លាំង! ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌យេហូវ៉ា ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។ ព្រះ​ដែល​គង់​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា និង​ជា​អ្នក​ការ​ពារ​ស្ត្រី​មេម៉ាយ។ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ឯកោ មាន​ផ្ទះ​សំបែង​រស់​នៅ ព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ​ឃាំង ចេញទៅ​រកភាព​ចម្រុង​ចម្រើន តែ​ពួក​បះ​បោរ​វិញ នឹង​រស់​ក្នុង​ទឹក​ដីហួត‌ហែង។ ៙ ឱ​ព្រះ​អើយ កាល​ព្រះ‌អង្គ​យាង​នាំ​មុខ ប្រជា‌រាស្ត្រ​របស់ព្រះ‌អង្គ​ចេញ​ទៅ កាល​ព្រះ‌អង្គ​បាន​យាង​កាត់​ទី​ហោ‌ស្ថាន -បង្អង់ នោះ​ផែនដីរញ្ជួយ ហើយ​មេឃ​ក៏​បង្អុរ​ភ្លៀង នៅ​ចំពោះ​ព្រះ គឺ​ព្រះនៃ​ភ្នំ​ស៊ី‌ណាយ នៅ​ចំពោះ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ី​ស្រាអែល។ ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ ដែល​ខ្សោះ​ល្វើយ បាន​ស្រស់​បស់​ឡើង​វិញ ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​រក​បាន ទី​អាស្រ័យ​ក្នុង​ស្រុក​នោះ ឱ​ព្រះ​អើយ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​មនុស្ស​កម្សត់​ទុគ៌ត។