ទំនុកតម្កើង 60:6-12
ទំនុកតម្កើង 60:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះទ្រង់មានព្រះបន្ទូលនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គថា «យើងនឹងបែងចែកក្រុងស៊ីគែមដោយអំណរ ហើយនឹងវាស់ជ្រលងភ្នំស៊ូកូថ។ កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។ ស្រុកម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងនឹងបោះស្បែកជើងយើង ទៅលើស្រុកអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ លើស្រុកភីលីស្ទីន»។ ៙ តើអ្នកណានឹងនាំទូលបង្គំ ចូលទៅក្នុងទីក្រុងមាំមួនបាន? តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម? ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ ដែលបានបោះបង់ចោលយើងខ្ញុំ? ឱព្រះអើយ ព្រះអង្គមិនយាងចេញទៅជាមួយ កងទ័ពរបស់យើងខ្ញុំទៀតឡើយ។ ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។ ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
ទំនុកតម្កើង 60:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូល ពីទីសក្ការៈរបស់ព្រះអង្គ មកថា: «យើងនឹងយកជ័យជម្នះ យើងនឹងបែងចែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ដ្ររបស់យើង។ កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ ។ យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។ តើនរណាអាចនាំខ្ញុំចូលទៅ ក្នុងទីក្រុងដ៏មាំមួនបាន? តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម? ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយ កងទ័ពយើងខ្ញុំទៀតហើយ។ សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់ នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។ បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។
ទំនុកតម្កើង 60:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់បានមានបន្ទូលដោយសេចក្ដីបរិសុទ្ធ របស់ទ្រង់ហើយ យើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែម ហើយនឹងវាស់ច្រកភ្នំសិកូត ឯស្រុកកាឡាតជារបស់ផងយើង ហើយខេត្តម៉ាន៉ាសេផង ខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើង ហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង ស្រុកម៉ូអាប់ជាអាងសំរាប់ឲ្យយើងងូតទឹក ហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដំម នែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើង ដោយព្រោះយើង។ ៙ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី ដែលទ្រង់បានចោលយើងខ្ញុំហើយ ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយនឹង ពលទ័ពរបស់យើងខ្ញុំទៀតដែរ សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ ដោយពឹងដល់ព្រះនោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។