ទំនុកតម្កើង 51:1-12

ទំនុកតម្កើង 51:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។ សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង! ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។ ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាបទាស់​នឹងព្រះ‌អង្គ គឺទាស់​នឹងព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​ព្រះ‌អង្គ​ឥត​សៅ‌ហ្មង ពេល​ព្រះ‌អង្គ​ជំនុំ​ជម្រះ។ មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​មនុស្ស ហើយ​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា នៅ​ក្នុង​ចិត្តដែល​លាក់​កំបាំង។ សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។ សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរ​សប្បាយ​ឡើង​វិញ។ សូម​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ។ ឱ​ព្រះ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។ សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។

ទំនុកតម្កើង 51:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ដ៏​លើស‌លុប សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។ សូម​លុប​លាង​កំហុស​ទូលបង្គំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប! ទូលបង្គំ​ទទួល​សារ‌ភាព​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ អំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់ នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជានិច្ច។ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។ ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ! ក៏​ប៉ុន្តែ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង! សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​អត់‌ទោស​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ នឹង​បាន​រីក‌រាយ​ឡើង​វិញ។ ព្រះអង្គ​អើយ សូម​កុំ​ទត​មើល អំពើ​បាប​របស់​ទូលបង្គំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូលបង្គំ​ផង។ សូម​កុំ​បោះ​បង់​ទូលបង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។

ទំនុកតម្កើង 51:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូលបង្គំ​ចេញ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ សូម​លាង​ទូលបង្គំ​ឲ្យ​យ៉ាង​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូលបង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូលបង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ​ជានិច្ច ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង ទូលបង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ មើល ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុង ហើយ​គឺ​នៅ​ទី​លាក់​កំបាំង​ខាង​ក្នុង ដែល​ទ្រង់​នឹង​ធ្វើ ឲ្យ​ទូលបង្គំ​ស្គាល់​ប្រាជ្ញា​ដែរ សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូលបង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក នឹង​បាន​អរ​សប្បាយ​វិញ សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូលបង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង សូម​កុំ​ចោល​ទូលបង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់

ទំនុកតម្កើង 51:1-12

ទំនុកតម្កើង 51:1-12 គខបទំនុកតម្កើង 51:1-12 គខប