ទំនុកតម្កើង 51:1-12

ទំនុកតម្កើង 51:1-12 គកស១៦

ឱ​ព្រះ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។ សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង! ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។ ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាបទាស់​នឹងព្រះ‌អង្គ គឺទាស់​នឹងព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​ព្រះ‌អង្គ​ឥត​សៅ‌ហ្មង ពេល​ព្រះ‌អង្គ​ជំនុំ​ជម្រះ។ មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​មនុស្ស ហើយ​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា នៅ​ក្នុង​ចិត្តដែល​លាក់​កំបាំង។ សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។ សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរ​សប្បាយ​ឡើង​វិញ។ សូម​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ។ ឱ​ព្រះ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។ សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 51:1-12