ទំនុកតម្កើង 51:1-12

ទំនុកតម្កើង 51:1-12 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ដ៏​លើស‌លុប សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។ សូម​លុប​លាង​កំហុស​ទូលបង្គំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប! ទូលបង្គំ​ទទួល​សារ‌ភាព​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ អំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់ នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជានិច្ច។ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។ ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ! ក៏​ប៉ុន្តែ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង! សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​អត់‌ទោស​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ នឹង​បាន​រីក‌រាយ​ឡើង​វិញ។ ព្រះអង្គ​អើយ សូម​កុំ​ទត​មើល អំពើ​បាប​របស់​ទូលបង្គំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូលបង្គំ​ផង។ សូម​កុំ​បោះ​បង់​ទូលបង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 51:1-12