ទំនុកតម្កើង 50:7-15

ទំនុកតម្កើង 50:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ «ម្នាល​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ យើង​នឹង​ពោល ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក យើង​ជា​ព្រះ គឺ​ជា​ព្រះ​របស់​អ្នក។ យើង​មិន​មែន​បន្ទោស​អ្នក ដោយ​ព្រោះ​យញ្ញ‌បូជា​ដែល​អ្នក​ថ្វាយ​នោះ​ទេ ឯ​តង្វាយ​ដុត​របស់​អ្នក តែង​តែ​នៅ​ចំពោះ​យើង​ជានិច្ច។ យើង​មិន​ទទួល​គោ​ឈ្មោល​ពី​ផ្ទះ​របស់​អ្នក ឬ​ពពែ​ឈ្មោល​ពី​ក្រោលរបស់​អ្នក​ឡើយ។ ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។ យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។ ៙ ប្រសិន‌បើ​យើង​ឃ្លាន យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុងពិភព​នេះជា​របស់​យើង ។ តើ​យើងបរិ‌ភោគ​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ? ចូរ​ថ្វាយ​យញ្ញបូជា ជា​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​ត្រូវ​លា​បំណន់ ដែល​អ្នក​បាន​បន់ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង។ នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។

ទំនុកតម្កើង 50:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ! អ៊ីស្រា‌អែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញ‌បូជា និង​តង្វាយ​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែ យក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។ យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់​យើង ហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាល ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។ យើង​ស្គាល់​បក្សា‌បក្សី​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចម្ការ ក៏​ជា​របស់​យើង​ដែរ។ ប្រសិន​បើ​យើង​ឃ្លាន យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង ពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង ។ តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ? តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ? តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុងរឿង​របស់​យើង។

ទំនុកតម្កើង 50:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ម្នាល​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះ អញ​នឹង​ពោល ឱ​អ៊ីស្រាអែល​អើយ អញ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង អញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឯង​ហើយ អញ​នឹង​មិន​បន្ទោស​ឯង ដោយ​ព្រោះ​យញ្ញ‌បូជា ដែល​ឯង​ថ្វាយ​នោះ​ទេ ឯ​ដង្វាយ​ដុត​របស់​ឯង នោះ​ក៏​នៅ​ចំពោះ​អញ​ជានិច្ច តែ​អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធ​តែ​របស់​អញ ព្រម​ទាំង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង អញ​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ព្រៃ​ទាំង‌ឡាយ​ជា​របស់​ផង​អញ​ដែរ។ ៙ បើ​កាល​ណា​អញ​ឃ្លាន នោះ​អញ​មិន​ប្រាប់​ដល់​ឯង ពី​ព្រោះ​លោកីយ នឹង​របស់​សព្វ​សារពើ​ក្នុង​លោក ជា​របស់​ផង​អញ តើ​អញ​នឹង​ស៊ី​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ​អី ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញ ហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។