ទំនុកតម្កើង 50

50
យញ្ញបូជា​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ
ទំនុក​របស់​លោក​អេសាភ។
1ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ
ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល
ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី
ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។
2ព្រះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន
ដែល​ជា​ទី​ក្រុង​ដ៏​មាន
សោភ័ណភាព​គ្រប់​លក្ខណ៍។
3ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​យាង​មក
ទ្រង់​មិន​នៅ​ស្ងៀម​ទេ
មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​នៅ​ព័ទ្ធ​ជុំ‌វិញព្រះ‌អង្គ មាន​ព្យុះ​សង្ឃរា។
4ព្រះ‌អង្គ​កោះ​ហៅ​ផ្ទៃ​មេឃ​នៅ​ខាង​លើ
និង​ផែនដី
ដើម្បី​ជំនុំ‌ជម្រះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា
5«ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​យើង
ឲ្យ​មក​ជួប​យើង
គឺ​ពួក​អ្នក​ដែល​បាន​តាំង​សញ្ញា​ជាមួយ​យើង
ដោយ​ថ្វាយ​យញ្ញ‌បូជា!»
6ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់
7៙ «ម្នាល​ប្រជា‌រាស្ត្រ​របស់​យើង​អើយ
ចូរ​ស្តាប់​ចុះ យើង​នឹង​ពោល
ឱ​អ៊ីស្រា‌អែល​អើយ
យើង​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក
យើង​ជា​ព្រះ គឺ​ជា​ព្រះ​របស់​អ្នក។
8យើង​មិន​មែន​បន្ទោស​អ្នក
ដោយ​ព្រោះ​យញ្ញ‌បូជា​ដែល​អ្នក​ថ្វាយ​នោះ​ទេ
ឯ​តង្វាយ​ដុត​របស់​អ្នក
តែង​តែ​នៅ​ចំពោះ​យើង​ជានិច្ច។
9យើង​មិន​ទទួល​គោ​ឈ្មោល​ពី​ផ្ទះ​របស់​អ្នក
ឬ​ពពែ​ឈ្មោល​ពី​ក្រោលរបស់​អ្នក​ឡើយ។
10ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ
សុទ្ធ​តែ​ជា​របស់យើង
ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។
11យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ
ហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល
ក៏​ជា​របស់​យើង​ដែរ។
12៙ ប្រសិន‌បើ​យើង​ឃ្លាន
យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ
ព្រោះ​ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ
នៅ​ក្នុងពិភព​នេះជា​របស់​យើង ។
13តើ​យើងបរិ‌ភោគ​សាច់​គោ​ឈ្មោល
ឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?
14ចូរ​ថ្វាយ​យញ្ញបូជា ជា​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ
ហើយ​ត្រូវ​លា​បំណន់
ដែល​អ្នក​បាន​បន់ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង។
15នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ
យើង​នឹង​រំដោះ​អ្នក
ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។
16៙ ប៉ុន្ដែ ចំពោះ​មនុស្ស​អាក្រក់
ព្រះមាន​ព្រះ‌បន្ទូល​ថា
«តើ​អ្នក​មាន​សិទ្ធិ​អ្វី​នឹង​សូត្រ​ពី​បញ្ញត្តិ​របស់​យើង
ឬពី​សេចក្ដី​សញ្ញា​របស់​យើង
ជាប់​នឹង​មាត់​ឯង​ដូច្នេះ?
17ដ្បិត​អ្នក​ស្អប់​ការប្រៀន​ប្រដៅ
ហើយ​ច្រាន​ចោល​ពាក្យ​យើង​ទៅ​ក្រោយ​ខ្នង។
18ប្រសិន‌បើអ្នក​ឃើញ​ចោរ
អ្នក​ក៏​សេព​គប់​ជាមួយ​គេ
ហើយ​ចូល​ដៃ​ជា​មួយ​ពួក​ផិត​ក្បត់​ទៀត​ផង។
19អ្នក​បាន​ប្រគល់​មាត់​របស់​អ្នក
ទៅ​បម្រើ​សេចក្ដី​អាក្រក់
ហើយ​អណ្ដាត​អ្នក​តែង​បង្កើត​ចេញ
នូវ​ពាក្យ​បោក​ប្រាស់។
20អ្នក​អង្គុយ​និយាយ​ដើម​បង​ប្អូន​របស់​ខ្លួន
អ្នក​និយាយ​បង្កាច់​បង​ប្អូន​ពោះ​មួយ​របស់​អ្នក។
21អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ
តែ​យើង​បាន​នៅ​ស្ញៀម
អ្នក​ស្មាន​ថា យើង​ក៏​ដូច​តែ​អ្នក​ដែរ
តែ​ឥឡូវ​នេះ យើង​បន្ទោស​អ្នក
ហើយយក​រឿង​នេះ​មក​ដាក់​នៅ​ចំពោះ​មុខអ្នក។
22ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ
ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ
ក្រែង​យើង​ហែក​អ្នកឲ្យ​ខ្ទេច
ហើយ​គ្មាន​អ្នក​ណា​រំដោះ​បាន។
23អ្នកណា​ដែល​ថ្វាយពាក្យ​អរ​ព្រះ‌គុណ
ទុក​ជា​យញ្ញបូជា
អ្នក​នោះ​លើក​តម្កើងយើង
ហើយ​យើង​នឹងបង្ហាញការ​សង្គ្រោះ​របស់​ព្រះ
ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់»។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 50: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល