ទំនុកតម្កើង 42:9-11

ទំនុកតម្កើង 42:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ទូល​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ? ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ គេ​ចេះ​តែ​ពោល​មក​ទូលបង្គំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។ ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះអង្គ​ជា​ព្រះ​នៃ​ខ្ញុំ។

ទំនុកតម្កើង 42:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ខ្ញុំ​ទូល​ដល់​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ សង្កត់‌សង្កិន​សត្រូវ​ដូច្នេះ?» ខ្មាំង​សត្រូវ​ចំអក​ឲ្យ​ខ្ញុំ ប្រៀប​ដូច​ជា​ដាវ ចាក់​ដោត​នៅ​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ហើយ​គេចេះ​តែពោល​មក​ខ្ញុំ​ជា‌និច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?» ឱ​ព្រលឹងខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

ទំនុកតម្កើង 42:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ទូលបង្គំ​នឹង​ទូល​ដល់​ព្រះ​ដ៏​ជា​ថ្មដា​នៃ​ទូលបង្គំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ភ្លេច​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ​ដូច្នេះ ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូលបង្គំ ប្រៀប​ដូច​ជា​ដាវ ចាក់​ក្នុង​ឆ្អឹង​ទូលបង្គំ ដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។