ទំនុកតម្កើង 42
42
ភាគទីពីរ
ចិត្តដែលដង្ហក់រកព្រះ និងជំនួយពីព្រះអង្គនៅពេលជួបទុក្ខលំបាក
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។
1ឱព្រះអើយ ព្រលឹងទូលបង្គំដង្ហក់រកព្រះអង្គ
ដូចសត្វក្តាន់ដង្ហក់រកជ្រោះទឹក។
2ព្រលឹងខ្ញុំស្រេកឃ្លានរកព្រះ
គឺព្រះដ៏មានព្រះជន្មរស់
តើដល់កាលណាទើបខ្ញុំ
នឹងមកឈរចំពោះព្រះអង្គ?
3ទាំងថ្ងៃទាំងយប់ ខ្ញុំមានតែទឹកភ្នែកជាអាហារ
គេពោលមកខ្ញុំជាប់ជានិច្ចថា
«តើព្រះរបស់ឯងនៅឯណា?»
4៙ ពេលព្រលឹងខ្ញុំប្លុងទៅ
ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ
ទៅជាមួយមនុស្សមួយហ្វូង
ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ
មានទាំងសម្រែកអរសប្បាយ
និងបទចម្រៀងសរសើរតម្កើង
គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។
5ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត?
ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ?
ចូរសង្ឃឹមដល់ព្រះទៅ
ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត
ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
6៙ ព្រលឹងទូលបង្គំស្រយុតនៅក្នុងខ្លួន
ហេតុនេះហើយបានជាទូលបង្គំ
នឹកឃើញព្រះអង្គនៅក្នុងស្រុក
ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
7ទីជម្រៅហៅរកទីជម្រៅ
ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ
អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ
បានហូរគ្របមកលើទូលបង្គំ។
8នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ
នៅជាមួយទូលបង្គំ
ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
9៙ ខ្ញុំទូលដល់ព្រះដែលជាថ្មដារបស់ខ្ញុំថា
«ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ
ដោយព្រោះតែខ្មាំងសត្រូវ
សង្កត់សង្កិនសត្រូវដូច្នេះ?»
10ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ
ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ
ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា
«តើព្រះរបស់ឯងនៅឯណា?»
11ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត?
ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ?
ចូរសង្ឃឹមដល់ព្រះទៅ
ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត
ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 42: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies