ទំនុកតម្កើង 27:1-14

ទំនុកតម្កើង 27:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា? ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺបច្ចា​មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ ដើម្បី​ស៊ី​សាច់​ខ្ញុំ នោះ​គេ​នឹង​ជំពប់​ដួល។ ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដែរ។ ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ខ្ញុំ ដោយ​បំបាំង​ខ្ញុំ​នៅ​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីកំបាំង នៃ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។ ឥឡូវ​នេះ ខ្ញុំ​បាន​ងើប​ក្បាល​ឡើង ខ្ពស់​ជាង​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថ្វាយ​យញ្ញ​បូជា នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​លើក​ទំនុក​ថ្វាយ​ព្រះ‌យេហូវ៉ា។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង! កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ស្វែង​រក​មុខ​យើង!» នោះ​ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ហើយ»។ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ ហើយ​កុំ​ផាត់​អ្នក​បម្រើ​ព្រះ‌អង្គ ចេញ​ដោយ​ខ្ញាល់​ឡើយ ព្រះ‌អង្គ​ហើយ​ដែល​ជួយ​ទូល‌បង្គំ។ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ សូម​កុំ​ផាត់ទូល‌បង្គំ​ចេញ សូមកុំ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ! ប្រសិន‌បើ​ឪពុក​ម្តាយ បានបោះ​បង់​ចោល​ទូល‌បង្គំ ព្រះ‌យេហូវ៉ា​នឹង​ទទួល​ទូល‌បង្គំ​ទុក។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់ផ្លូវ​របស់​ព្រះ‌អង្គ សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ ព្រោះ​តែ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ។ សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​ក្លាយ បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​គេ​ដក​ដង្ហើម​ចេញ​ជាពាក្យ​ឃោរ‌ឃៅ។ ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​ជឿ​ថា នឹង​ឃើញ​សេចក្ដីសប្បុរស​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់​នេះ នោះតើ​ទូល‌បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា? ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

ទំនុកតម្កើង 27:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។ ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។ ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជានិច្ច។ ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់ និង​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ព្រះអង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះអង្គ ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លា ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។ ព្រះអង្គ​លើក​មុខ​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​ជាង​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ខ្ញុំ​នឹង​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ព្រះ‌ពន្លា របស់​ព្រះអង្គ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។ ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ សូម​កុំ​ព្រះ‌ពិរោធ ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះអង្គ! ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ សូម​កុំ​លះ‌បង់​ទូលបង្គំ! ឱ​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។ ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំ បាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយ ក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជានិច្ច!។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។ សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយ ដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយ មក​និយាយ​មួល​បង្កាច់​ទូលបង្គំ អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់ ជា​មិន​ខាន!។ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។

ទំនុកតម្កើង 27:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា កាល​មនុស្ស​អាក្រក់ គឺ​ជា​ពួក​ទាស់​ទទឹង ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ ដើម្បី​នឹង​ស៊ី​សាច់​ខ្ញុំ នោះ​គេ​បាន​ជំពប់​ដួល​ទាំង​អស់​គ្នា ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំ គង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ ទោះ​បើ​កើត​មាន​ចំបាំង​ទាស់​នឹង​ខ្ញុំ គង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ទ្រង់ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា ឥឡូវ​នេះ ខ្ញុំ​បាន​ងើប​ក្បាល​ឡើង​ហើយ គឺ​ខ្ពស់​ជាង​ពួក​ខ្មាំង​សត្រូវ​ដែល​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ទៅ​ទៀត ហើយ​ខ្ញុំ​នឹង​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​អំណរ នៅ​ក្នុង​រោង​ឧបោសថ​ទ្រង់ ខ្ញុំ​នឹង​ច្រៀង អើ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូលបង្គំ​អំពាវ‌នាវ សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង កាល​ទ្រង់​បាន​មាន​បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូលបង្គំ​បាន​ទូល​តប​ថា ទូលបង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ ហើយ​កុំ​ផាត់​អ្នក​បំរើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយ ទ្រង់​បាន​តែង​ធ្វើ​ជា​ជំនួយ​របស់​ទូលបង្គំ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​ប្រាស​ចេញ ឬ​បោះ‌បង់​ចោល​ទូលបង្គំ​ឡើយ បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូលបង្គំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូលបង្គំ​ទុក​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូលបង្គំ ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ នោះ​សូម​នាំ​ទូលបង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នក ដែល​តតាំង​នឹង​ទូលបង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដី ច្រឡោត​ទទេ​ផង បើ‌សិន​ជា​ទូលបង្គំ​មិន​បាន​ជឿ ថា នឹង​ឃើញ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ នោះ​តើ​យ៉ាង​ណា​ទៅ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

ទំនុកតម្កើង 27:1-14

ទំនុកតម្កើង 27:1-14 គខប