ទំនុកដំកើង 27

27
ទំនុក​នៃ​ស្តេច​ដាវីឌ ។
1ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី
សង្គ្រោះ​របស់​ខ្ញុំ
តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា
ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ
តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា
2កាល​មនុស្ស​អាក្រក់ គឺ​ជា​ពួក​ទាស់​ទទឹង
ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ
ដើម្បី​នឹង​ស៊ី​សាច់​ខ្ញុំ
នោះ​គេ​បាន​ជំពប់​ដួល​ទាំង​អស់​គ្នា
3ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំ
គង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ
ទោះ​បើ​កើត​មាន​ចំបាំង​ទាស់​នឹង​ខ្ញុំ
គង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ
4ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ‌យេហូវ៉ា
ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង
គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា
រាល់​តែ​ថ្ងៃ អស់​១​ជីវិត​ខ្ញុំ
ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ‌យេហូវ៉ា
ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ទ្រង់
5ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ
ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់
ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់
ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា
6ឥឡូវ​នេះ ខ្ញុំ​បាន​ងើប​ក្បាល​ឡើង​ហើយ
គឺ​ខ្ពស់​ជាង​ពួក​ខ្មាំង​សត្រូវ​ដែល​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ទៅ​ទៀត
ហើយ​ខ្ញុំ​នឹង​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​អំណរ
នៅ​ក្នុង​រោង​ឧបោសថ​ទ្រង់
ខ្ញុំ​នឹង​ច្រៀង អើ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា។
7៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូលបង្គំ​អំពាវ‌នាវ
សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង
8កាល​ទ្រង់​បាន​មាន​បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញ
នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូលបង្គំ​បាន​ទូល​តប​ថា
ទូលបង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត
9សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ
ហើយ​កុំ​ផាត់​អ្នក​បំរើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយ
ទ្រង់​បាន​តែង​ធ្វើ​ជា​ជំនួយ​របស់​ទូលបង្គំ
ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​ប្រាស​ចេញ
ឬ​បោះ‌បង់​ចោល​ទូលបង្គំ​ឡើយ
10បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូលបង្គំ
នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូលបង្គំ​ទុក​វិញ
11ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូលបង្គំ
ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ
នោះ​សូម​នាំ​ទូលបង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ
12សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នក
ដែល​តតាំង​នឹង​ទូលបង្គំ​ឡើយ
ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ
ព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដី
ច្រឡោត​ទទេ​ផង
13បើ‌សិន​ជា​ទូលបង្គំ​មិន​បាន​ជឿ
ថា នឹង​ឃើញ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា
នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ
នោះ​តើ​យ៉ាង​ណា​ទៅ
14ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ
ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង
អើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 27: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ