ទំនុកដំកើង 26
26
ទំនុកនៃស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
សូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំ
ដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំ
ក៏បានទុកចិត្តនឹងព្រះយេហូវ៉ាឥតល្អៀងឡើយ
2ឱព្រះយេហូវ៉ាអើយ សូមពិនិត្យទូលបង្គំមើល
ព្រមទាំងល្បងលទូលបង្គំ
ហើយសាកចិត្តថ្លើមរបស់ទូលបង្គំផង
3ដ្បិតសេចក្ដីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូលបង្គំ
ហើយទូលបង្គំបានដើរតាមសេចក្ដីពិតរបស់ទ្រង់
4ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ
ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ
5ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់
ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ
6ទូលបង្គំនឹងលាដៃ ជាសំគាល់ថា ឥតមានទោសទេ
យ៉ាងនោះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់
7ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណ
ហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់
8ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ទីឈប់សំរាក
នៅដំណាក់ទ្រង់
ជាទីសណ្ឋិតនៅនៃសិរីល្អទ្រង់
9សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាប
ឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកំចាយឈាម
10ដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេ
ហើយដៃស្តាំរបស់គេពេញដោយសំណូកផងនោះឡើយ
11ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍
របស់ទូលបង្គំតទៅ
សូមលោះ ហើយមេត្តាប្រោសដល់ទូលបង្គំផង
12ជើងទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយ
ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា
នៅក្នុងពួកជំនុំទាំងប៉ុន្មាន។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 26: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.