ទំនុកតម្កើង 27
27
ចម្រៀងអបអរនឹងជ័យជម្នះ
ទំនុករបស់ស្ដេចដាវីឌ
1ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ
តើខ្ញុំនឹងខ្លាចអ្នកណា?
ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ
តើខ្ញុំញញើតនឹងអ្នកណា?
2ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត
និងខ្មាំងសត្រូវរបស់ខ្ញុំបានសង្ឃកមកលើខ្ញុំ
ដើម្បីស៊ីសាច់ខ្ញុំ
នោះគេនឹងជំពប់ដួល។
3ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ
ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ
ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ
ក៏ខ្ញុំនៅតែមានសង្ឃឹមដែរ។
4ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា
ហើយនឹងស្វែងរកសេចក្ដីនោះឯង
គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា
រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ
ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា
ហើយពិនិត្យពិចារណានៅក្នុង
ព្រះវិហាររបស់ព្រះអង្គ។
5ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ
ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ
ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង
នៃព្រះពន្លារបស់ព្រះអង្គ
ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
6ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើង
ខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ
ហើយខ្ញុំនឹងថ្វាយយញ្ញបូជា
នៅក្នុងព្រះពន្លារបស់ព្រះអង្គ
ទាំងស្រែកដោយអំណរ
ខ្ញុំនឹងច្រៀង ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា។
7៙ ឱព្រះយេហូវ៉ាអើយ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពេលទូលបង្គំអំពាវនាវ
សូមប្រណីសន្ដោសទូលបង្គំ
និងឆ្លើយតបមកទូលបង្គំផង!
8កាលព្រះអង្គមានព្រះបន្ទូលថា
«ចូរស្វែងរកមុខយើង!»
នោះចិត្តទូលបង្គំបានទូលតបថា
«ឱព្រះយេហូវ៉ាអើយ
ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ»។
9សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ
ហើយកុំផាត់អ្នកបម្រើព្រះអង្គ
ចេញដោយខ្ញាល់ឡើយ
ព្រះអង្គហើយដែលជួយទូលបង្គំ។
ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ
សូមកុំផាត់ទូលបង្គំចេញ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!
10ប្រសិនបើឪពុកម្តាយ
បានបោះបង់ចោលទូលបង្គំ
ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក។
11ឱព្រះយេហូវ៉ាអើយ
សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ
សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។
12សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត
បច្ចាមិត្តរបស់ទូលបង្គំឡើយ
ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ
បានលើកគ្នាទាស់នឹងទូលបង្គំ
ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។
13ប្រសិនបើទូលបង្គំមិនបានជឿថា
នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា
នៅក្នុងទឹកដីរបស់មនុស្សរស់នេះ
នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
14ចូររង់ចាំព្រះយេហូវ៉ា
ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង
ចូររង់ចាំព្រះយេហូវ៉ាទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 27: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies