ទំនុកតម្កើង 25:16-20
ទំនុកតម្កើង 25:16-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។ ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះ ចេញពីចិត្តទូលបង្គំទៅ។ សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ សូមអត់ទោសឲ្យទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។ សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុនណា ហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។ សូមការពារ និងរំដោះទូលបង្គំផង! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឲ្យសោះ ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។
ទំនុកតម្កើង 25:16-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។ ទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង សូមដកទូលបង្គំចេញពីសេចក្ដីទុក្ខលំបាក របស់ទូលបង្គំទៅ។ សូមទតមើលទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ ហើយសូមអត់ទោសអំពើបាបទាំងប៉ុន្មាន របស់ទូលបង្គំផង។ សូមទតមើលសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុណ្ណា ហើយគេស្អប់ទូលបង្គំ ដោយចិត្តសាហាវយ៉ាងណា។ ឱសូមរក្សាព្រលឹងទូលបង្គំ ហើយរំដោះទូលបង្គំផង សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំពឹងជ្រកក្នុងព្រះអង្គ។
ទំនុកតម្កើង 25:16-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង ឱសូមនាំទូលបង្គំចេញពីសេចក្ដីទុក្ខលំបាកនៃទូលបង្គំ សូមពិនិត្យមើលសេចក្ដីវេទនា នឹងសេចក្ដីនឿយព្រួយរបស់ទូលបង្គំ ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង សូមពិចារណាមើលពួកខ្មាំងទូលបង្គំដែលមានគ្នាច្រើន ហើយមានសេចក្ដីសំអប់ស្អប់ដល់ទូលបង្គំ ដោយចិត្តសាហាវណាស់ ឱសូមរក្សាព្រលឹងនៃទូលបង្គំ ហើយជួយឲ្យរួចផង សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំពឹងដល់ទ្រង់