ទំនុកតម្កើង 25

25
ពាក្យ​អធិស្ឋាន​សូម​ការ​ណែ​នាំ និង​ការ​រំដោះ​ឲ្យ​រួច
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​ផ្ចង់​ចិត្តគំនិត
ទៅ​រក​ព្រះ‌អង្គ ។
2ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ
សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​អរ​សប្បាយ
ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ!
3អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ព្រះ‌អង្គ
នឹង​មិន​ត្រូវ​ខ្មាស​ឡើយ
គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ក្បត់
ដោយ​ឥត​ហេតុ​ប៉ុណ្ណោះ
ដែល​ត្រូវ​ខ្មាស។
4ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​ទូល‌បង្គំ
ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ
សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​ច្រក
របស់​ព្រះ‌អង្គ​ផង
5សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ
ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ
ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។
6ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តាដ៏​ទន់​សន្ដោស
និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ដ្បិត​សេចក្ដី​ទាំង​នោះ
មានតាំង​ពី​បុរាណ​រៀង​មក។
7សូម​កុំ​នឹក​ចាំ​អំពើ​បាប
ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង
ឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​ឡើយ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ
ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​វិញ
ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។
8ព្រះ‌យេហូវ៉ា​ល្អ ហើយ​ទៀង​ត្រង់
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្រៀន
មនុស្ស​បាប​ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ។
9ព្រះ‌អង្គ​នាំ​មនុស្ស​សុភាព
ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ
ហើយ​បង្រៀន​មនុស្ស​រាប​សារ
ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។
10អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា
សុទ្ធ​តែប្រកប​ដោយ
ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់
ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា
និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។
11ឱ​ព្រះ‌យេហូវ៉ា​អើយ
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
សូម​អត់​ទោស​អំពើ​បាប
ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។
12តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច
ដល់​ព្រះ‌យេហូវ៉ា​ឬ​ទេ?
ព្រះ‌អង្គ​នឹង​បង្រៀន​អ្នក​នោះ
ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ជ្រើស​រើស។
13ព្រលឹង​អ្នក​នោះ​នឹង​នៅ​ជាប់
ក្នុង​សេចក្ដី​សុខ‌សាន្ត
ហើយ​ពូជ‌ពង្ស​អ្នក​នោះ
នឹង​បានគ្រង​ស្រុក​នេះ​ជា​មត៌ក។
14មេត្រី​ភាព​របស់​ព្រះ‌យេហូវ៉ា
គឺ​សម្រាប់​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់
សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ។
15ភ្នែក​ទូល‌បង្គំ​សម្លឹង​ឆ្លោះ​ទៅ​រក
ព្រះ‌យេហូវ៉ា​ជា‌និច្ច
ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំ
ឲ្យ​រួច​ពី​អន្ទាក់។
16សូម​បែរ​មកទូល‌បង្គំ
ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ ហើយ​វេទនា​ជា​ខ្លាំង។
17ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង
សូម​ដក​ទូល‌បង្គំ​ចេញ​ពីសេចក្ដី​ទុក្ខ​លំបាក
របស់​ទូល‌បង្គំ​ទៅ។
18សូម​ទត​មើល​ទុក្ខ​វេទនា
និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ
ហើយ​សូម​អត់​ទោសអំពើ​បាប​ទាំង​ប៉ុន្មាន
របស់​ទូល‌បង្គំផង។
19សូមទត​មើល​សត្រូវ​របស់​ទូល‌បង្គំ
មាន​គ្នា​ច្រើន​ប៉ុណ្ណា
ហើយគេ​ស្អប់​ទូល‌បង្គំ
ដោយ​ចិត្ត​សាហាវ​យ៉ាង​ណា។
20ឱ​សូម​រក្សា​ព្រលឹង​ទូល‌បង្គំ
ហើយ​រំដោះ​ទូល‌បង្គំ​ផង
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ
ដ្បិត​ទូល‌បង្គំ​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ។
21សូម​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់
រក្សា​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​សង្ឃឹម
រង់​ចាំ​ព្រះ‌អង្គ​ហើយ។
22ឱ​ព្រះ​អើយ សូម​ប្រោស​លោះ​អ៊ីស្រា‌អែល
ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​របស់​គេ​ផង។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 25: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ