ទំនុកតម្កើង 22:1-19

ទំនុកតម្កើង 22:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល ទូលបង្គំ​ដូច្នេះ? ទូលបង្គំ​បាន​ស្រែក​អង្វរ តែ​ពុំ​ឃើញ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ​សោះ ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​ស្រែក​ហៅ​រក​ព្រះអង្គ​នៅ​ពេល​ថ្ងៃ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​ទេ នៅ​ពេល​យប់​ក៏​ទូលបង្គំ​ស្រែក​ដែរ តែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។ ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​តែង​នាំ​គ្នា សរសើរ​តម្កើង​ព្រះអង្គ។ បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ជានិច្ច ហើយ​ព្រះអង្គ​ក៏​បាន​រំដោះ​ពួក​លោក។ ពួក​លោក​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ពួក​លោក​ក៏​បាន​រួច​ពី​ខ្មាំង​សត្រូវ ដោយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។ រីឯ​ទូលបង្គំ​វិញ គេ​លែង​ចាត់​ទុក​ទូលបង្គំ​ថា​ជា​មនុស្ស​ទៀត​ហើយ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ទូលបង្គំ។ អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ គេ​ចំអក​ឲ្យ​ទូលបង្គំ​គ្រប់ៗ​គ្នា គេ​ពេប‌ជ្រាយ​ដាក់​ទូលបង្គំ ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។ គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយ ឲ្យ​ព្រះអង្គ​រំដោះ​គាត់​ទៅ បើ​ព្រះអង្គ​ស្រឡាញ់​គាត់ ឲ្យ​ព្រះអង្គ​សង្គ្រោះ​គាត់​ទៅ!”។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ព្រះអង្គ​បាន​ផ្ញើ​ទូលបង្គំ ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។ កាល​ពី​ទូលបង្គំ​កើត​មក ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ តាំង​តែ​ពី​មុន​ពេល ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។ ពេល​នេះ ទូលបង្គំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ទូលបង្គំ​ទេ សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។ សត្រូវ​របស់​ទូលបង្គំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ ទូលបង្គំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំ‌វិញ​ទូលបង្គំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន ។ ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។ បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើត ព្រះអង្គ​បាន​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។ មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូលបង្គំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូលបង្គំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។ ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​បាន ហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ទូលបង្គំ។ គេ​យក​សម្លៀក‌បំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នា និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ ។ រីឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ! ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់​ផង!។

ទំនុកតម្កើង 22:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​នៃ​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ បោះ​បង់ចោល​ទូល‌បង្គំ? ហេតុ​អ្វីបាន​ជា​ព្រះ‌អង្គ​គង់​ឆ្ងាយ​មិន​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​ពាក្យ​ស្រែក​ថ្ងូរ​របស់​ទូល‌បង្គំ​ដូច្នេះ? ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​អំពាវ​នាវ​នៅ​ពេល​ថ្ងៃ តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេ ក៏​ស្រែក​នៅ​ពេល​យប់​ដែរ តែ​មិន​បាន​ស្រាក​ស្រាន្ត​ឡើយ។ ប៉ុន្តែ ឱ​ព្រះ​ដែលថ្កើង​ឡើង នៅ​លើ​ពាក្យ​សរសើរ​របស់ អ៊ីស្រាអែល​អើយ ព្រះ‌អង្គ​បរិសុទ្ធ។ បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ពួក​លោក​បាន​ទុក​ចិត្ត ហើយ​ព្រះ‌អង្គ​បាន​រំដោះ​ពួក​លោក។ ពួក​លោក​បាន​អំពាវ​នាវ​រក​ព្រះ‌អង្គ ហើយក៏​បាន​រួច ពួក​លោក​បាន​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ។ ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ត្រូវ​មនុស្ស​ត្មះ‌តិះ‌ដៀល ហើយ​ប្រជាជន​ស្អប់​ខ្ពើម។ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ ចំអក​ឲ្យទូល‌បង្គំ គេ​ពេប​ជ្រាយ​ដាក់​ទូល‌បង្គំ ហើយគេ​គ្រវី​ក្បាល ដោយ​ពោល​ថា «វា​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​ព្រះ‌អង្គ​រំដោះ​វា​ទៅ ឲ្យព្រះ‌អង្គ​សង្គ្រោះ​វាទៅ ដ្បិត​ព្រះ‌អង្គ​គាប់​ចិត្ត​នឹង​វា!» ៙ ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយមក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្តព្រះ‌អង្គ តាំង​ពី​ទូល‌បង្គំ​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ។ ព្រះ‌អង្គ​ឃុំគ្រង​ទូល‌បង្គំ​តាំង​ពី​ផ្ទៃ​ម្ដាយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ តាំង​ពី​ម្ដាយសម្រាល​ទូល‌បង្គំ​មក។ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។ ៙ គោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាន នៅ​ជុំ​វិញ​ទូល‌បង្គំ។ គេ​ហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ ៙ ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។ ដ្បិតមាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំ​ចែកគ្នា ហើយ​គេ​នាំ​គ្នា​ចាប់​ឆ្នោត យក​អាវ​វែង​របស់​ទូល‌បង្គំ ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង!

ទំនុកតម្កើង 22:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូលបង្គំ ឬ​ស្តាប់​សេចក្ដី​ដំងូរ របស់​ទូលបង្គំ​ដូច្នេះ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​អំពាវ‌នាវ​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​មាន​បន្ទូល​ឆ្លើយ​មក​សោះ ក៏​ស្រែក​នៅ​ពេល​យប់​ផង តែ​ទូលបង្គំ​មិន​ចេះ​ស្រាក​ស្បើយ​ឡើយ ប៉ុន្តែ ឱ​ព្រះ​ដែល​បាន​តាំង​ឡើង ក្នុង​ទំនុក​សរសើរ​របស់ អ៊ីស្រាអែល​អើយ ទ្រង់​បរិសុទ្ធ ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ គេ​បាន​ទុក​ចិត្ត ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច គេ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​បាន​រួច​ចេញ គេ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ ចំណែក​ទូលបង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តាជន អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ​ក៏​ឡក‌ឡឺយ​ឲ្យ គេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួច ចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ ជា​ទី​គាប់​ចិត្ត​ហើយ ប៉ុន្តែគឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះ ម្តាយ​នៅ​ឡើយ ទូលបង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មក តាំង​ពី​ម្តាយ​សំរាល​ទូលបង្គំ​មក នោះ​ទ្រង់ ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន អ្នក​ណា​នឹង​ជួយ​សោះ មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូលបង្គំ​ជុំវិញ គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន វា​បាន​ឡោម​ទូលបង្គំ​ជុំវិញ វា​ហា​មាត់​ដាក់​ទូលបង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម ទូលបង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូលបង្គំ​ទុក​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ កំឡាំង​ទូលបង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំង អណ្តាត​ទូលបង្គំ​ជាប់​នៅ​ក្រអូម‌មាត់ ទ្រង់​បាន​នាំ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់ ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ គេ​យក​សំលៀក‌បំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង

ទំនុកតម្កើង 22:1-19

ទំនុកតម្កើង 22:1-19 គខប