ទំនុកដំកើង 22:1-19

ទំនុកដំកើង 22:1-19 ពគប

ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូលបង្គំ ឬ​ស្តាប់​សេចក្ដី​ដំងូរ របស់​ទូលបង្គំ​ដូច្នេះ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​អំពាវ‌នាវ​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​មាន​បន្ទូល​ឆ្លើយ​មក​សោះ ក៏​ស្រែក​នៅ​ពេល​យប់​ផង តែ​ទូលបង្គំ​មិន​ចេះ​ស្រាក​ស្បើយ​ឡើយ ប៉ុន្តែ ឱ​ព្រះ​ដែល​បាន​តាំង​ឡើង ក្នុង​ទំនុក​សរសើរ​របស់ អ៊ីស្រាអែល​អើយ ទ្រង់​បរិសុទ្ធ ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ គេ​បាន​ទុក​ចិត្ត ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច គេ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​បាន​រួច​ចេញ គេ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ ចំណែក​ទូលបង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តាជន អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ​ក៏​ឡក‌ឡឺយ​ឲ្យ គេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួច ចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ ជា​ទី​គាប់​ចិត្ត​ហើយ ប៉ុន្តែគឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះ ម្តាយ​នៅ​ឡើយ ទូលបង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មក តាំង​ពី​ម្តាយ​សំរាល​ទូលបង្គំ​មក នោះ​ទ្រង់ ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន អ្នក​ណា​នឹង​ជួយ​សោះ មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូលបង្គំ​ជុំវិញ គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន វា​បាន​ឡោម​ទូលបង្គំ​ជុំវិញ វា​ហា​មាត់​ដាក់​ទូលបង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម ទូលបង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូលបង្គំ​ទុក​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ កំឡាំង​ទូលបង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំង អណ្តាត​ទូលបង្គំ​ជាប់​នៅ​ក្រអូម‌មាត់ ទ្រង់​បាន​នាំ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់ ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ គេ​យក​សំលៀក‌បំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង