ទំនុកតម្កើង 22:1-19

ទំនុកតម្កើង 22:1-19 គកស១៦

ឱ​ព្រះ​នៃ​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ បោះ​បង់ចោល​ទូល‌បង្គំ? ហេតុ​អ្វីបាន​ជា​ព្រះ‌អង្គ​គង់​ឆ្ងាយ​មិន​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​ពាក្យ​ស្រែក​ថ្ងូរ​របស់​ទូល‌បង្គំ​ដូច្នេះ? ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​អំពាវ​នាវ​នៅ​ពេល​ថ្ងៃ តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេ ក៏​ស្រែក​នៅ​ពេល​យប់​ដែរ តែ​មិន​បាន​ស្រាក​ស្រាន្ត​ឡើយ។ ប៉ុន្តែ ឱ​ព្រះ​ដែលថ្កើង​ឡើង នៅ​លើ​ពាក្យ​សរសើរ​របស់ អ៊ីស្រាអែល​អើយ ព្រះ‌អង្គ​បរិសុទ្ធ។ បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ពួក​លោក​បាន​ទុក​ចិត្ត ហើយ​ព្រះ‌អង្គ​បាន​រំដោះ​ពួក​លោក។ ពួក​លោក​បាន​អំពាវ​នាវ​រក​ព្រះ‌អង្គ ហើយក៏​បាន​រួច ពួក​លោក​បាន​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ។ ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ត្រូវ​មនុស្ស​ត្មះ‌តិះ‌ដៀល ហើយ​ប្រជាជន​ស្អប់​ខ្ពើម។ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ ចំអក​ឲ្យទូល‌បង្គំ គេ​ពេប​ជ្រាយ​ដាក់​ទូល‌បង្គំ ហើយគេ​គ្រវី​ក្បាល ដោយ​ពោល​ថា «វា​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​ព្រះ‌អង្គ​រំដោះ​វា​ទៅ ឲ្យព្រះ‌អង្គ​សង្គ្រោះ​វាទៅ ដ្បិត​ព្រះ‌អង្គ​គាប់​ចិត្ត​នឹង​វា!» ៙ ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយមក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្តព្រះ‌អង្គ តាំង​ពី​ទូល‌បង្គំ​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ។ ព្រះ‌អង្គ​ឃុំគ្រង​ទូល‌បង្គំ​តាំង​ពី​ផ្ទៃ​ម្ដាយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ តាំង​ពី​ម្ដាយសម្រាល​ទូល‌បង្គំ​មក។ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។ ៙ គោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាន នៅ​ជុំ​វិញ​ទូល‌បង្គំ។ គេ​ហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ ៙ ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។ ដ្បិតមាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំ​ចែកគ្នា ហើយ​គេ​នាំ​គ្នា​ចាប់​ឆ្នោត យក​អាវ​វែង​របស់​ទូល‌បង្គំ ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង!