ទំនុកតម្កើង 146:3-9

ទំនុកតម្កើង 146:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​គម្រោង‌ការ​របស់​គេ ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។ អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះ ហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ!។ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ព្រះអង្គ​តែងតែ​គោរព​តាម​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ​ជានិច្ច។ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះអង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន ព្រះ‌អម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង ព្រះ‌អម្ចាស់​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌អម្ចាស់​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ ព្រះ‌អម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត ព្រះ‌អម្ចាស់​ការពារ​ជន​បរទេស ព្រះអង្គ​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ព្រះអង្គ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​មនុស្ស អាក្រក់​ត្រូវ​រលាយ​សូន្យ។

ទំនុកតម្កើង 146:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​ទុក​ចិត្ត​នឹង​មនុស្ស​លោក ដែល​មិន​អាច​សង្គ្រោះ​អ្នក​ណា​បាន​នោះ​ឡើយ។ កាល​គេ​ផុត​ដង្ហើម​ទៅ គេវិល​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង គំនិត​របស់​គេ ក៏​សូន្យ​បាត់​ទៅ​ដែរ។ ៙ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មាន​ព្រះ របស់​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និងអ្វីៗ​សព្វ​សារពើ នៅ​ស្ថាន​ទាំង​នោះ ព្រះ‌អង្គ​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​រៀង​រហូត។ ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង ព្រះ‌យេហូវ៉ា​ប្រោស​ភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌យេហូវ៉ា​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ ព្រះ‌យេហូវ៉ា​ស្រឡាញ់​មនុស្ស​សុចរិត។ ព្រះ‌យេហូវ៉ា​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។

ទំនុកតម្កើង 146:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ‌ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុប ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី ព្រម​ទាំង​សមុទ្រនឹង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​ដរាប ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ក៏​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​ឃ្លាន​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ស្រាយ​ពួក​អ្នក ដែល​ជាប់​ចំណង ឲ្យ​រួច​ចេញ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ​ភ្នែក​របស់​មនុស្ស​ខ្វាក់ ព្រះ‌យេហូវ៉ា​ទ្រង់​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន ឲ្យ​ត្រង់​ឡើង​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ពួក​មនុស្ស​សុចរិត ព្រះ‌យេហូវ៉ា​ទ្រង់​ការ‌ពារ​ពួក​អ្នក​ប្រទេស​ដទៃ ទ្រង់​ទប់‌ទល់​ពួក​កូន​កំព្រា នឹង​ស្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ទ្រង់​បំបត់‌បំបែន​វិញ