ទំនុកដំកើង 146:3-9

ទំនុកដំកើង 146:3-9 ពគប

កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ‌ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុប ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី ព្រម​ទាំង​សមុទ្រនឹង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​ដរាប ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ក៏​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​ឃ្លាន​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ស្រាយ​ពួក​អ្នក ដែល​ជាប់​ចំណង ឲ្យ​រួច​ចេញ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ​ភ្នែក​របស់​មនុស្ស​ខ្វាក់ ព្រះ‌យេហូវ៉ា​ទ្រង់​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន ឲ្យ​ត្រង់​ឡើង​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ពួក​មនុស្ស​សុចរិត ព្រះ‌យេហូវ៉ា​ទ្រង់​ការ‌ពារ​ពួក​អ្នក​ប្រទេស​ដទៃ ទ្រង់​ទប់‌ទល់​ពួក​កូន​កំព្រា នឹង​ស្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ទ្រង់​បំបត់‌បំបែន​វិញ