ទំនុកតម្កើង 145:1-8

ទំនុកតម្កើង 145:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​កោត​សរសើរ​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។ សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង របស់​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ របស់​ព្រះអង្គ។ គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាព ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​ដែរ។ គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរស ដ៏​លើស‌លុប​របស់​ព្រះអង្គ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ ប្រណី‌សន្ដោស និង​អាណិត‌អាសូរ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។

ទំនុកតម្កើង 145:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។ ព្រះ‌យេហូវ៉ា​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។ ៙ មនុស្ស​ជំនាន់​មួយ​នឹង​សរសើរ ពី​ស្នា​ព្រះហស្ដ​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​ជំនាន់​មួយ​ទៀត ហើយ​គេ​នឹង​ប្រកាស​ពី​កិច្ច​ការ ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ៙ ព្រះ‌យេហូវ៉ា​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។

ទំនុកតម្កើង 145:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច ទូលបង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ​រាល់ៗ​ថ្ងៃ ព្រម​ទាំង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​អស់‌កល្ប‌ជានិច្ច ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ‌លែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន មនុស្ស​ដំណ​១​នឹង​សរសើរ​ស្នាដៃ​របស់​ទ្រង់ ដល់​ដំណ​១​ទៀត ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ផង ទូលបង្គំ​នឹង​រំពឹង​គិត​ពី​ឫទ្ធា‌នុភាព​ដ៏​រុងរឿង​ឧត្តម ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាច របស់​ទ្រង់ ឯ​ទូលបង្គំ​នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ‌ហឫទ័យ ដ៏​ល្អ​ប្រសើរ ហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា នឹង​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ