ទំនុកតម្កើង 145
145
ភាពធំអស្ចារ្យ និងព្រះហឫទ័យសប្បុរសរបស់ព្រះ
ទំនុកជាបទសរសើររបស់ស្តេចដាវីឌ។
1ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ
អស់កល្បជានិច្ច។
2ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ
ហើយសរសើរតម្កើងព្រះនាមព្រះអង្គ
អស់កល្បជានិច្ច។
3ព្រះយេហូវ៉ាធំ
ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង
ភាពធំអស្ចារ្យរបស់ព្រះអង្គ
នោះរកយល់មិនបាន។
4៙ មនុស្សជំនាន់មួយនឹងសរសើរ
ពីស្នាព្រះហស្ដរបស់ព្រះអង្គ
ប្រាប់មនុស្សជំនាន់មួយទៀត
ហើយគេនឹងប្រកាសពីកិច្ចការ
ដ៏អស្ចារ្យរបស់ព្រះអង្គ។
5ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព
ដ៏រុងរឿងឧត្តម
និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។
6គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ
ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ
ហើយទូលបង្គំនឹងប្រកាស
ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។
7គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ
សប្បុរសជាបរិបូររបស់ព្រះអង្គ
ហើយគេនឹងស្រែកច្រៀង
ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
8៙ ព្រះយេហូវ៉ាប្រកប
ដោយព្រះហឫទ័យប្រណីសន្ដោស
និងអាណិតអាសូរ
ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ
ព្រះហឫទ័យសប្បុរស។
9ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់
ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ
គ្របលើអ្វីៗទាំងអស់
ដែលព្រះអង្គបានបង្កើតមក។
10៙ ឱព្រះយេហូវ៉ាអើយ
អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ
នឹងអរព្រះគុណដល់ព្រះអង្គ
ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ
នឹងថ្វាយព្រះពរព្រះអង្គ!
11គេនឹងថ្លែងពីសិរីល្អនៃព្រះរាជ្យរបស់ព្រះអង្គ
ហើយរៀបរាប់ពីព្រះចេស្ដារបស់ព្រះអង្គ
12ដើម្បីឲ្យពួកកូនមនុស្សស្គាល់
ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ
និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។
13ព្រះរាជ្យរបស់ព្រះអង្គ
ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច
ហើយអំណាចរបស់ព្រះអង្គ
ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
[ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី
ដែលព្រះអង្គមានព្រះបន្ទូល
ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ
ដែលព្រះអង្គធ្វើ។ ]
14ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល
ក៏លើកអស់អ្នកដែលត្រូវឱនចុះ
ឲ្យងើបឡើងវិញ។
15ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ
ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ
តាមពេលកំណត់។
16ព្រះអង្គលាព្រះហស្ត
ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ
ឲ្យឆ្អែតបានស្កប់ស្កល់។
17ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ
ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ
របស់ព្រះអង្គដែរ។
18ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក
ដែលអំពាវនាវរកព្រះអង្គ
គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ
ដោយពិតត្រង់។
19ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក
ដែលកោតខ្លាចព្រះអង្គ
ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
20ព្រះយេហូវ៉ាការពារអស់អ្នក
ដែលស្រឡាញ់ព្រះអង្គ
តែព្រះអង្គនឹងបំផ្លាញ
អស់ទាំងមនុស្សអាក្រក់វិញ។
21៙ មាត់ទូលបង្គំនឹងពោលពាក្យ
សរសើរតម្កើងព្រះយេហូវ៉ា
ហើយសូមឲ្យមនុស្សទាំងអស់
ថ្វាយព្រះពរដល់ព្រះនាមដ៏បរិសុទ្ធ
របស់ព្រះអង្គ អស់កល្បជានិច្ចតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 145: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies