ទំនុកតម្កើង 144

144
ពាក្យ​អធិស្ឋាន​សុំ​ការ​រំដោះ​ឲ្យ​រួច និង​ឲ្យ​មាន​សន្ដិសុខ​ដល់​ជាតិ​សាសន៍
ទំនុក​របស់​ស្ដេច​ដាវីឌ។
1សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ
បាន​ប្រកប​ដោយ​ព្រះ‌ពរ
ជា​ព្រះ​ដែល​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ធ្វើ​សង្គ្រាម
ហើយ​ម្រាម​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ច្បាំង
2ព្រះ‌អង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ
ជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​រំដោះ​ទូល‌បង្គំ
ក៏​ជា​ខែល​របស់​ទូល‌បង្គំ
ហើយ​ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ
ព្រះ‌អង្គ​បង្ក្រាប​សាសន៍​នានា
នៅ​ក្រោម​អំណាច​ទូល‌បង្គំ។
3៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
តើ​មនុស្ស​ជា​អ្វីបាន​ជា​ព្រះ‌អង្គ
យក​ចិត្ត​ទុក​ដាក់​នឹង​គេ?
តើ​កូន​មនុស្ស​ជា​អ្វីបាន​ជា​ព្រះ‌អង្គ
នឹក​គិត​ដល់​គេ​ដូច្នេះ?
4មនុស្ស​ប្រៀប​បាន​នឹង​ខ្យល់​មួយ​ដង្ហើម​ប៉ុណ្ណោះ
ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល
ដែល​តែង​តែ​រសាត់​បាត់​ទៅ។
5៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
សូមផ្អៀង​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក!
សូម​ពាល់​ភ្នំ​ទាំង​ប៉ុន្មាន
ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង!
6សូម​បញ្ចេញ​ផ្លេក‌បន្ទោរ
ហើយ​កម្ចាត់‌កម្ចាយ​ពួក​គេ
សូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ
ទៅ​បំបាក់​ទ័ព​ពួក​គេ!
7សូម​លា​ព្រះ‌ហស្ត​ចុះ​ពីស្ថាន​លើមក
សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ
ឲ្យ​រួចផុត​ពី​ទឹក​ដ៏​ធំ
គឺ​ពី​កណ្ដាប់​ដៃ​ពួក​សាសន៍​ដទៃ
8ដែល​មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក
ហើយ​ដៃ​ស្តាំ​របស់​គេ ជា​ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ។
9៙ ឱ​ព្រះ​អើយ
ទូល‌បង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ
ដោយ​ដេញ​ពិណ​ខ្សែ​ដប់
10ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ
ពួក​ស្តេច​មាន​ជ័យ​ជម្នះ
ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ
ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។
11សូម​សង្គ្រោះ ហើយ​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ
ដែល​មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក
ហើយ​ដៃ​ស្តាំ​របស់​គេ ជា​ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ។
12៙ សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង
បាន​ដូច​ជា​រុក្ខជាតិ
ដុះ​លូតលាស់​ពេញ​កម្លាំង
ក្នុង​វ័យ​នៅ​ក្មេង​របស់​គេ
ហើយ​កូន​ស្រីៗ​របស់​យើង បាន​ដូច​ជា​ថ្ម​សីមា
ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង។
13សូម​ឲ្យ​ជង្រុក​របស់​យើង​បាន​ពេញ
ដោយ​ស្បៀង​អាហារ​គ្រប់​មុខ
សូម​ឲ្យ​ហ្វូង​ចៀម​របស់​យើង
កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺន
ចម្រើន​ឡើង​នៅ​តាម​វាល​ស្មៅ
14សូម​ឲ្យ​គោ​ស្ទាវ​របស់​យើង​មាន​កម្លាំង​ខ្លាំង
គ្មាន​សត្រូវ​ចូល​រុក​រាន ឬ​លួច​ចាប់​យក​ទៅ​ឡើយ
ហើយ​សូម​កុំ​ឲ្យ​មាន​សម្រែក​ភ័យ​អាសន្ន
នៅ​តាម​ផ្លូវ​របស់​យើង​ដែរ។
15៙ មាន​ពរ​ហើយ​ប្រជាជន​ណា
ដែល​មាន​ព្រះ​ពរ​ដូច្នេះ​ធ្លាក់​មក!
មានពរ​ហើយ​ប្រជាជន​ណា
ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 144: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល