ទំនុកតម្កើង 119:89-176
ទំនុកតម្កើង 119:89-176 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់ នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅស្ថិតស្ថេរដល់មនុស្សគ្រប់ជំនាន់តរៀងទៅ ព្រះអង្គបានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់។ អ្វីៗទាំងអស់ស្ថិតស្ថេរនៅរហូតដល់សព្វថ្ងៃ ដោយសារច្បាប់របស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សម្រាប់បម្រើព្រះអង្គ។ ប្រសិនបើទូលបង្គំមិនបានរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ នោះទូលបង្គំមុខជាវិនាស ទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំមិនខាន។ ទូលបង្គំនឹងមិនដែលភ្លេចព្រះឱវាទ របស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានជីវិត ដោយសារព្រះឱវាទទាំងនេះ។ ទូលបង្គំជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។ មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់ របស់ព្រះអង្គ។ ទូលបង្គំបានឃើញថា អ្វីៗទាំងអស់សុទ្ធតែមានដែនកំណត់ តែបទបញ្ជារបស់ព្រះអង្គធំទូលាយក្រៃលែង។ ៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។ បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។ ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់ របស់ព្រះអង្គ។ ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត! ទូលបង្គំមានយោបល់ដោយសារ ព្រះឱវាទរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។ ៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។ ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។ ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់ របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។ សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ! សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ ពីច្បាប់របស់ព្រះអង្គ ដ្បិតឧបាយកលរបស់គេ ជាសេចក្ដីឥតប្រយោជន៍។ ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។ ៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ! នេះជាពេលដែលព្រះយេហូវ៉ា ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ ៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។ សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្ស ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ ទឹកភ្នែកទូលបង្គំហូររហាម ព្រោះគេមិនប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។ ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដោយសេចក្ដីសុចរិត និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។ ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចព្រះឱវាទ របស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទុក្ខលំបាក និងភាពតានតឹង បានគ្របសង្កត់ទូលបង្គំ តែបទបញ្ជារបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ទូលបង្គំអំពាវនាវរកព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ភ្នែកទូលបង្គំមិនបានលង់លក់ នៅអស់ទាំងយាមយប់ ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក ឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម ព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។ សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា! ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ ពួកអ្នកធំបានបៀតបៀន ទូលបង្គំដោយឥតហេតុ ប៉ុន្តែ ចិត្តទូលបង្គំស្ញប់ស្ញែងនឹងព្រះបន្ទូល របស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះ នឹងរបឹបដ៏មានតម្លៃ។ ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ ហើយទូលបង្គំប្រព្រឹត្តតាម បទបញ្ជារបស់ព្រះអង្គ។ ព្រលឹងទូលបង្គំប្រតិបត្តិតាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ យ៉ាងក្រៃលែង។ ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ តាមព្រះបន្ទូលរបស់ព្រះអង្គផង! សូមឲ្យពាក្យអង្វររបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ អណ្ដាតទូលបង្គំនឹងច្រៀង អំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ សុទ្ធតែសុចរិតទាំងអស់។ សូមឲ្យព្រះហស្តរបស់ព្រះអង្គ បានប្រុងប្រៀបនឹងជួយទូលបង្គំ ដ្បិតទូលបង្គំបានជ្រើសរើសយក ព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សូមឲ្យព្រលឹងទូលបង្គំរស់នៅ ហើយសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យវិន័យរបស់ព្រះអង្គ ជួយទូលបង្គំផង។ ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:89-176 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំ ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។ អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ដោយសារវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម អំណាចរបស់ព្រះអង្គ។ ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ ទូលបង្គំនឹងមិនភ្លេចព្រះឱវាទ របស់ព្រះអង្គសោះឡើយ ដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសារព្រះឱវាទទាំងនេះ។ ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ នឹងព្រះឱវាទរបស់ព្រះអង្គ។ មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ ទូលបង្គំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។ ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។ បទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំ មានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ ដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។ ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំ យកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។ ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀត ដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនងាកចេញពីវិន័យ ដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយ ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។ ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សម្រាប់ទូលបង្គំ ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។ ព្រះឱវាទរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ទូលបង្គំស្អប់ការវៀចវេរ។ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំសូមសន្យាដោយឥតងាករេថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតដែលព្រះអង្គបង្គាប់មក។ ឱព្រះអម្ចាស់អើយ ទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់ សូមប្រោសប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះអម្ចាស់អើយ សូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំ ទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់វិន័យរបស់ព្រះអង្គ! ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យទូលបង្គំ មានអំណរនៅក្នុងចិត្ត។ ទូលបង្គំប្ដេជ្ញាចិត្តធ្វើតាមច្បាប់ របស់ព្រះអង្គរហូតដល់ទីបំផុត។ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូល របស់ព្រះអង្គជានិច្ច។ មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃព្រះរបស់ខ្ញុំ! សូមជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំមានជីវិត សូមកុំឲ្យសេចក្ដីសង្ឃឹម របស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។ សូមធ្វើជាបង្អែករបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកច្បាប់របស់ព្រះអង្គជានិច្ច។ ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។ ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាន នៅលើផែនដីចោល ដូចកម្ទេចសំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ ដំបូន្មានរបស់ព្រះអង្គ។ រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។ ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។ សូមធានាឲ្យទូលបង្គំ ដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផង សូមកុំទុកឲ្យមនុស្សអួតបំប៉ោង សង្កត់សង្កិនទូលបង្គំឡើយ។ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គ។ សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើ របស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយ ដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គ លើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។ ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។ ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។ ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូល របស់ព្រះអង្គដោយយកចិត្តទុកដាក់ ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ សូមពង្រឹងទូលបង្គំឲ្យបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។ សូមរំដោះទូលបង្គំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យអាណិតមេត្តា ដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ ច្បាប់របស់ព្រះអង្គផង!។ ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិត វិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ! ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។ ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ សម្រេចជាក់ស្តែងហើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គនៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានអំណរ។ ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិត! ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ! ទូលបង្គំអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មាន របស់ព្រះអង្គ! ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះអង្គមួយយប់ទល់ភ្លឺ។ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅ តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីក្រឹត្យវិន័យរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ តាំងពីយូរយារណាស់មកហើយ ទូលបង្គំបានដឹងថា ព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមក ដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយរំដោះទូលបង្គំឲ្យមានសេរីភាពផង សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមវិន័យដែលព្រះអង្គបានបង្គាប់មក។ អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មាន របស់ព្រះអង្គឡើយ។ ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូល របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។ ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។ ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលុបដែរ។ ទូលបង្គំស្អប់ខ្ពើមការកុហកណាស់ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។ ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។ ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទ និងដំបូន្មានរបស់ព្រះអង្គ ដ្បិតអ្វីៗដែលទូលបង្គំធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។ សូមឲ្យសម្រែករបស់ទូលបង្គំបានឮ ទៅដល់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ សូមឲ្យពាក្យទទូចអង្វររបស់ទូលបង្គំ បានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។ ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ ឥតឈប់ឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ ឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើង ព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ព្រះអង្គសុទ្ធតែសុចរិត។ សូមសម្តែងព្រះបារមីសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមព្រះឱវាទ របស់ព្រះអង្គហើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់ឃើញព្រះអង្គ សង្គ្រោះទូលបង្គំណាស់ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គជាខ្លាំង។ សូមឲ្យទូលបង្គំរស់រានមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ! សូមឲ្យព្រះបន្ទូលរបស់ព្រះអង្គ ជួយលើកទឹកចិត្តទូលបង្គំ។ ទូលបង្គំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង! ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ!
ទំនុកតម្កើង 119:89-176 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅ គ្រប់ទាំងដំណមនុស្សតទៅ ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់ ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះ តាមច្បាប់ទ្រង់ ដ្បិតទាំងអស់សំរាប់បំរើទ្រង់ បើទូលបង្គំមិនបានរីករាយក្នុងក្រិត្យវិន័យរបស់ទ្រង់ នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំហើយ ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង ទូលបង្គំជារបស់ផងទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់ ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយ តែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។ ៙ ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ សេចក្ដីបង្គាប់របស់ទ្រង់ ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវ ដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់ ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់ ទូលបង្គំមិនបានបែរចេញពីច្បាប់ទ្រង់ឡើយ ដ្បិតទ្រង់បានបង្រៀនទូលបង្គំ ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត។ ៙ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង ទូលបង្គំបានស្បថហើយ ក៏នឹងសំរេចតាមថា ទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយជាច្រើនណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កំឡាំងឡើង តាមព្រះបន្ទូលទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួល ដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្ត ហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាមរដកនៅជាដរាប ដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ ទូលបង្គំបានលំអៀងចិត្តទៅឲ្យសំរេចតាមបញ្ញត្តទ្រង់ នៅជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២ តែទូលបង្គំស្រឡាញ់ដល់ក្រិត្យវិន័យទ្រង់វិញ ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយពីអញចេញ ដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ សូមទប់ទល់ទូលបង្គំតាមព្រះបន្ទូលនៃទ្រង់ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ នោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច ទ្រង់បានលើកថ្លឹងនូវអស់អ្នកដែលវង្វេងចេញ ពីបញ្ញត្តទ្រង់ ដ្បិតសេចក្ដីឆបោករបស់គេជាសេចក្ដីកំភូតទទេ ទ្រង់ធ្វើឲ្យពួកមនុស្សអាក្រក់បាត់ចេញពីផែនដី ដូចជាគេដួសពពុះចេញពីឆ្នាំង ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបន្ទាល់ របស់ទ្រង់ រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់ ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។ ៙ ទូលបង្គំបានសំរេចតាមសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត សូមកុំបោះបង់ចោលទូលបង្គំ ទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ សូមទ្រង់ធានាឲ្យអ្នកបំរើទ្រង់បានសេចក្ដីល្អ សូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹង ចាំឲ្យបានសេចក្ដីសង្គ្រោះ នឹងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់ សូមប្រព្រឹត្តនឹងអ្នកបំរើទ្រង់ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ ទូលបង្គំជាអ្នកបំរើទ្រង់ហើយ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសំរេចការហើយ ដ្បិតគេបានរំលងល្មើសចំពោះក្រិត្យវិន័យរបស់ទ្រង់ ហេតុនោះបានជាទូលបង្គំស្រឡាញ់ ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាស អើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា ជាត្រឹមត្រូវគ្រប់ប្រការ តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។ ៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់ ទូលបង្គំបានហាមាត់ដកដង្ហើមធំ ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់ សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តា ដល់ទូលបង្គំ ដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមទ្រង់ សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន របស់មនុស្ស នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង ទឹកភ្នែកទូលបង្គំហូររហាម ពីព្រោះគេមិនកាន់តាមក្រិត្យវិន័យរបស់ទ្រង់។ ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិត ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់ ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើ សេចក្ដីយុត្តិធម៌ ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំ ពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំ គេបានភ្លេចព្រះបន្ទូលទ្រង់ ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធ ជាទីបំផុតហើយ ហេតុនោះអ្នកបំរើរបស់ទ្រង់ក៏ស្រឡាញ់ណាស់ ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយ ប៉ុន្តែទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិត ដ៏នៅអស់កល្បជានិច្ច ហើយក្រិត្យវិន័យទ្រង់ជាសេចក្ដីពិត សេចក្ដីទុក្ខ នឹងសេចក្ដីលំបាក បានមកគ្របសង្កត់ លើទូលបង្គំហើយ ទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ ជាទីរីករាយដល់ទូលបង្គំដែរ សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប សូមប្រោសឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំ មានកំឡាំងឡើង តាមច្បាប់របស់ទ្រង់ ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិត គេនៅឆ្ងាយពីក្រិត្យវិន័យទ្រង់ទេ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរ ហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថា ទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ ហើយជួយឲ្យរួចផង ដ្បិតទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់ សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណា ដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលប់ សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមច្បាប់របស់ទ្រង់ ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំ គេមានគ្នាច្រើន ប៉ុន្តែទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ ហើយក៏ស្អប់ខ្ពើមគេ ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណា ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កំឡាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់ បូករួមអស់ទាំងព្រះបន្ទូលនៃទ្រង់ទៅឃើញថា ពិតត្រង់ទាំងអស់ ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។ ៙ ពួកអ្នកធំបានបៀតបៀនទូលបង្គំដោយឥតហេតុ ប៉ុន្តែចិត្តទូលបង្គំនៅតែភ័យញ័រចំពោះព្រះបន្ទូលទ្រង់ ទូលបង្គំមានសេចក្ដីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចជាមនុស្សណាដែលប្រទះនឹងរបឹបជាច្រើន ទូលបង្គំជិនណាយ ហើយក៏ស្អប់ខ្ពើមសេចក្ដីកំភូត តែស្រឡាញ់ដល់ក្រិត្យវិន័យទ្រង់វិញ ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដង ដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់ ពួកអ្នកដែលស្រឡាញ់ក្រិត្យវិន័យទ្រង់ នោះមានសេចក្ដីសុខដ៏លើសលប់ ហើយគ្មានហេតុនឹងចំពប់ដួលឡើយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដី សង្គ្រោះរបស់ទ្រង់ ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្ត នឹងសេចក្ដីបន្ទាល់របស់ទ្រង់ ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្ត នោះសុទ្ធតែនៅចំពោះទ្រង់ហើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសំរែករបស់ទូលបង្គំ បានចូលមកជិតនៅចំពោះទ្រង់ សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់ សូមឲ្យពាក្យអង្វររបស់ទូលបង្គំបានមកនៅចំពោះទ្រង់ សូមប្រោសទូលបង្គំឲ្យបានរួច តាមព្រះបន្ទូលទ្រង់ផង សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោល ពាក្យសរសើរ ដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ សូមឲ្យអណ្តាតទូលបង្គំបានច្រៀងពីព្រះបន្ទូលទ្រង់ ពីព្រោះគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែសុចរិតទាំងអស់ សូមឲ្យព្រះហស្តទ្រង់បានប្រុងប្រៀបនឹងជួយទូលបង្គំ ព្រោះទូលបង្គំបានរើសយកបញ្ញត្តរបស់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់ សេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយក្រិត្យវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំ សូមអនុញ្ញាតឲ្យព្រលឹងទូលបង្គំរស់នៅ នោះនឹង បានសរសើរដល់ទ្រង់ ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផង ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបំរើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ។