ទំនុកដំកើង 119:89-176

ទំនុកដំកើង 119:89-176 ពគប

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ គ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់ ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តាម​ច្បាប់​ទ្រង់ ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់ បើ​ទូលបង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ របស់​ទូលបង្គំ​ហើយ ទូលបង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង ទូលបង្គំ​ជា​របស់​ផង​ទ្រង់​ហើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់ ពួក​មនុស្ស​អាក្រក់​គេ​បាន​រង់‌ចាំ​នឹង​ធ្វើ​ឲ្យ​ទូលបង្គំ​វិនាស តែ​ទូលបង្គំ​នឹង​ពិចារណា​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ទូលបង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយ តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។ ៙ ឱ​ទូលបង្គំ​ស្រឡាញ់​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រិត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូលបង្គំ​ជា​ដរាប ទូលបង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​ទ្រង់​ជា​ទី​នឹក​រំពឹង​របស់​ទូលបង្គំ ទូលបង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗ ពី​ព្រោះ​ទូលបង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ទូលបង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​បង្រៀន​ទូលបង្គំ ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត ទូលបង្គំ​បាន​មាន​យោបល់​ដោយ‌សារ​បញ្ញត្ត​ទ្រង់ ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្អប់​ដល់​អស់​ទាំង​ផ្លូវ​កំភូត។ ៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់ទូលបង្គំ​ផង ទូលបង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថា ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់ ទូលបង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់ ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន កំឡាំង​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួល ដង្វាយ​នៃ​មាត់​ទូលបង្គំ ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូលបង្គំ​ផង ជីវិត​នៃ​ទូលបង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ តែ​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ ទូលបង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​មរដក​នៅ​ជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​រីក‌រាយ ទូលបង្គំ​បាន​លំអៀង​ចិត្ត​ទៅ​ឲ្យ​សំរេច​តាម​បញ្ញត្ត​ទ្រង់ នៅ​ជា​ដរាប រហូត​ដល់​ចុង​បំផុត។ ៙ ទូលបង្គំ​ស្អប់​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​២ តែ​ទូលបង្គំ​ស្រឡាញ់​ដល់​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ទ្រង់​ជា​ទី​ពឹង​ជ្រក ហើយ​ជា​ខែល​របស់​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់ នែ អ្នក​រាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយ ចូរ​ថយ​ពី​អញ​ចេញ ដើម្បី​ឲ្យ​អញ​បាន​រក្សា​សេចក្ដី​បង្គាប់​របស់​ព្រះ​នៃ​អញ សូម​ទប់‌ទល់​ទូលបង្គំ​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​រស់​នៅ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូលបង្គំ​ឡើយ សូម​ទ្រង់​ធ្វើ​ជា​បង្អែក​នៃ​ទូលបង្គំ ឲ្យ​ទូលបង្គំ​បាន​សេចក្ដី​សុខ នោះ​ទូលបង្គំ​នឹង​គោរព​រាប់‌អាន​ចំពោះ​បញ្ញត្ត​ទ្រង់​ជានិច្ច ទ្រង់​បាន​លើក​ថ្លឹង​នូវ​អស់​អ្នក​ដែល​វង្វេង​ចេញ ពី​បញ្ញត្ត​ទ្រង់ ដ្បិត​សេចក្ដី​ឆ‌បោក​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ ទ្រង់​ធ្វើ​ឲ្យ​ពួក​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដី ដូច​ជា​គេ​ដួស​ពពុះ​ចេញ​ពី​ឆ្នាំង ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្រឡាញ់​ដល់​សេចក្ដី​បន្ទាល់ របស់​ទ្រង់ រូប​សាច់​ទូលបង្គំ​ញ័រ‌ញាក់ ដោយ​ភ័យ​ខ្លាច​ដល់​ទ្រង់ ទូលបង្គំ​ក៏​ខ្លាច​ចំពោះ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដែរ។ ៙ ទូលបង្គំ​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត សូម​កុំ​បោះ‌បង់​ចោល​ទូលបង្គំ ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ឡើយ សូម​ទ្រង់​ធានា​ឲ្យ​អ្នក​បំរើ​ទ្រង់​បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ទន្ទឹង ចាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ នឹង​ព្រះ‌បន្ទូល​ដ៏​សុចរិត​របស់​ទ្រង់ សូម​ប្រព្រឹត្ត​នឹង​អ្នក​បំរើ​ទ្រង់ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់ នេះ​ជា​វេលា​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​ការ​ហើយ ដ្បិត​គេ​បាន​រំលង​ល្មើស​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ទ្រង់ ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាស អើ ក៏​ស្រឡាញ់​ច្រើន​ជាង​មាស​សុទ្ធ​ផង ដូច្នេះ ទូលបង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថា ជា​ត្រឹម‌ត្រូវ​គ្រប់​ប្រការ តែ​ទូលបង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។ ៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូលបង្គំ​គោរព​កាន់​តាម ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់ ទូលបង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំ ដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់ សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តា ដល់​ទូលបង្គំ ដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់ សូម​តាំង​ជំហាន​នៃ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាច លើ​ទូលបង្គំ​ឡើយ សូម​លោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន របស់​មនុស្ស នោះ​ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង ទឹក​ភ្នែក​ទូលបង្គំ​ហូរ​រហាម ពី​ព្រោះ​គេ​មិន​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ទ្រង់។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​សុចរិត ហើយ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ក៏​សុទ្ធ​តែ​ទៀង​ត្រង់ ទ្រង់​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់​នៅ​លើ សេចក្ដី​យុត្តិ‌ធម៌ ហើយ​លើ​សេចក្ដី​ស្មោះ‌ត្រង់​ដ៏​ពិត​ផង សេចក្ដី​ឧស្សាហ៍​របស់​ទូលបង្គំ​បាន​ស៊ី​បង្ហិន​ទូលបង្គំ ពី​ព្រោះ​ពួក​អ្នក​តតាំង​នឹង​ទូលបង្គំ គេ​បាន​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់ ព្រះ‌បន្ទូល​ទ្រង់​បាន​ត្រូវ​សំរង​យ៉ាង​បរិសុទ្ធ ជា​ទី​បំផុត​ហើយ ហេតុ​នោះ​អ្នក​បំរើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់ ឯ​ទូលបង្គំ​ជា​អ្នក​តូច ហើយ​ត្រូវ​គេ​មើល‌ងាយ ប៉ុន្តែទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​របស់​ទ្រង់​ឡើយ សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​សេចក្ដី​សុចរិត ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​ពិត សេចក្ដី​ទុក្ខ នឹង​សេចក្ដី​លំបាក បាន​មក​គ្រប​សង្កត់ លើ​ទូលបង្គំ​ហើយ ទោះ​បើ​យ៉ាង​នោះ គង់​តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ​ដែរ សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​នៅ​ជា​ដរាប សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ​នឹង​បាន​រស់​នៅ។ ៙ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​អស់​ពី​ចិត្ត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង ទូលបង្គំ​នឹង​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ទូលបង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង ហើយ​បាន​បន្លឺ​ឡើង​ថា ទូលបង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក ដើម្បី​រំពឹង​គិត​ពី​ព្រះ‌បន្ទូល​ទ្រង់ សូម​ស្តាប់​សំឡេង​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ មាន​កំឡាំង​ឡើង តាម​ច្បាប់​របស់​ទ្រង់ ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិត គេ​នៅ​ឆ្ងាយ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ទេ ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​ជិត​ដែរ ហើយ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ តាំង​ពី​យូរ​មក​ហើយ ទូលបង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថា ទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។ ៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូលបង្គំ ហើយ​លោះ​ទូលបង្គំ​ផង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់ សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់ ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណា ដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លប់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់ ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូលបង្គំ គេ​មាន​គ្នា​ច្រើន ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ ទូលបង្គំ​បាន​ពិចារណា​មើល​មនុស្ស​ក្បត់ ហើយ​ក៏​ស្អប់​ខ្ពើម​គេ ដោយ​ព្រោះ​មិន​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ សូម​ទ្រង់​ពិចារណា​ដែល​ទូលបង្គំ​ស្រឡាញ់ ដល់​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​យ៉ាង​ណា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន កំឡាំង​ឡើង តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ បូក​រួម​អស់​ទាំងព្រះ‌បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថា ពិត​ត្រង់​ទាំង​អស់ ហើយ​គ្រប់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។ ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែចិត្ត​ទូលបង្គំ​នៅ​តែ​ភ័យ​ញ័រ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់ ប្រៀប​ដូច​ជា​មនុស្ស​ណា​ដែល​ប្រទះ​នឹង​របឹប​ជា​ច្រើន ទូលបង្គំ​ជិន‌ណាយ ហើយ​ក៏​ស្អប់​ខ្ពើម​សេចក្ដី​កំភូត តែ​ស្រឡាញ់​ដល់​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ទូលបង្គំ​សរសើរ​ដល់​ទ្រង់​ក្នុង​១​ថ្ងៃ​៧​ដង ដោយ​ព្រោះ​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ‌វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដី សង្គ្រោះ​របស់​ទ្រង់ ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ ព្រលឹង​ទូលបង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ទូលបង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃ‌លែង ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូលបង្គំ​ប្រព្រឹត្ត នោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូលបង្គំ បាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូលបង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់ សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូលបង្គំ បាន​ពោល ពាក្យ​សរសើរ ដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ សូម​ឲ្យ​អណ្តាត​ទូលបង្គំ​បាន​ច្រៀង​ពី​ព្រះ‌បន្ទូល​ទ្រង់ ពី​ព្រោះ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​ទាំង​អស់ សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូលបង្គំ ព្រោះ​ទូលបង្គំ​បាន​រើស​យក​បញ្ញត្ត​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​រឭក​ដល់ សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ សូម​អនុញ្ញាត​ឲ្យ​ព្រលឹង​ទូលបង្គំ​រស់​នៅ នោះ​នឹង បាន​សរសើរ​ដល់​ទ្រង់ ហើយ​សូម​ឲ្យ​ច្បាប់​របស់​ទ្រង់​ជួយ​ទូលបង្គំ​ផង ទូលបង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់ សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។