ទំនុកតម្កើង 119:65-72

ទំនុកតម្កើង 119:65-72 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ជានិច្ច។ អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។ ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដែរ។

ទំនុកតម្កើង 119:65-72 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​ក៏​មាន​ទុក្ខ​ព្រួយ តែ​ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។ ព្រះ‌អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។ មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ចិត្ត​របស់​គេ​ស្ពឹក ដូច​មនុស្ស​មាន​ខ្លាញ់​កក តែ​ទូល‌បង្គំ​មាន​ចិត្ត​រីក​រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ការ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ នោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំ គឺ​ដើម្បី​ឲ្យ​ទូល‌បង្គំអាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។ ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់។

ទំនុកតម្កើង 119:65-72 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ ដោយ​ល្អ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូលបង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ កាល​មុន​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវ​នេះ ទូលបង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរ ទាស់​នឹង​ទូលបង្គំ តែ​ទូលបង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់ តែ​ទូលបង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ការ​ដែល​ទូលបង្គំ​កើត​មាន​ទុក្ខ​ព្រួយ នោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់ ក្រិត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​វិសេស​ដល់​ទូលបង្គំ ជា​ជាង​មាស​ប្រាក់ ទាំង​ពាន់​ផង។