ទំនុកដំកើង 119:65-72

ទំនុកដំកើង 119:65-72 ពគប

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ ដោយ​ល្អ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូលបង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ កាល​មុន​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវ​នេះ ទូលបង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរ ទាស់​នឹង​ទូលបង្គំ តែ​ទូលបង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់ តែ​ទូលបង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ការ​ដែល​ទូលបង្គំ​កើត​មាន​ទុក្ខ​ព្រួយ នោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់ ក្រិត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​វិសេស​ដល់​ទូលបង្គំ ជា​ជាង​មាស​ប្រាក់ ទាំង​ពាន់​ផង។