ទំនុកតម្កើង 119:28-38
ទំនុកតម្កើង 119:28-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ ដូចព្រះអង្គបានសន្យា។ សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យទូលបង្គំប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ! ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ ទូលបង្គំសុខចិត្តធ្វើតាមវិន័យ ដែលព្រះអង្គបង្គាប់មក។ ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ព្រះអម្ចាស់អើយ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ! ទូលបង្គំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។ ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។ សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញា ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។ សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។ សូមទាក់ទាញចិត្តទូលបង្គំ ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនឲ្យរកកម្រៃឡើយ! សូមទាញអារម្មណ៍ទូលបង្គំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យទូលបង្គំមានជីវិតរស់នៅ តាមមាគ៌ារបស់ព្រះអង្គ! សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
ទំនុកតម្កើង 119:28-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង! សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង! ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ នៅមុខទូលបង្គំ។ ទូលបង្គំជាប់ចិត្តនឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ! ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។ ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។ សូមនាំទូលបង្គំទៅតាមផ្លូវច្រក នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងផ្លូវនោះណាស់។ សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ! សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។ សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក កោតខ្លាចព្រះអង្គ។
ទំនុកតម្កើង 119:28-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត សូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់ សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញ ហើយអនុញ្ញាតប្រទានក្រិត្យវិន័យរបស់ទ្រង់មកទូលបង្គំ ដោយព្រះគុណ ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយ ទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំ នឹងកាន់តាមក្រិត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់ របស់ទ្រង់ ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់ របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់ សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូល ជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់