ទំនុកតម្កើង 119:28-38

ទំនុកតម្កើង 119:28-38 គកស១៦

ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​ព្រោះ​ទុក្ខ​ព្រួយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង! ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។ ទូល‌បង្គំ​ជាប់​ចិត្ត​នឹង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ! ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។ សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ! សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។