ទំនុកតម្កើង 119:17-40

ទំនុកតម្កើង 119:17-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ! ព្រលឹង​ទូល‌បង្គំ​សោក​សង្រេង ដោយ​ចង់​បាន វិន័យ​របស់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា។ ព្រះ‌អង្គ​បន្ទោស​មនុស្ស​ព្រហើន ជា​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពីបទ‌បញ្ជា របស់​ព្រះ‌អង្គ។ សូម​ដក​យក​ដំណៀល និង​ការ​មើល‌ងាយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានកាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ​ហើយ។ ទោះ​បី​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល‌បង្គំ​ក៏​ដោយ ក៏​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​តែ​សញ្ជឹង​គិត ពី​ច្បាប់របស់​ព្រះ‌អង្គ​ជានិច្ច។ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​ទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ ហើយ​សេចក្ដី​បន្ទាល់​ទាំង​នោះ ជា​ដំ‌បូន្មាន​ដល់​ទូល‌បង្គំ។ ៙ ព្រលឹង​ទូល‌បង្គំ​ជាប់​ស្អិត​នឹង​ធូលី​ដី សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! កាល​ទូល‌បង្គំ​បាន​ទូល​រៀប​រាប់ អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​ច្បាប់ របស់​ព្រះ‌អង្គ​ផង! សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ផ្លូវ នៃ​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​ព្រោះ​ទុក្ខ​ព្រួយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង! ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។ ទូល‌បង្គំ​ជាប់​ចិត្ត​នឹង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ! ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។ សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ! សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។ សូម​បង្វែរ​ពាក្យ​ដំណៀល ដែល​ទូល‌បង្គំ​ខ្លាច​នោះ​ចេញ ដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ មើល៍ ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 119:17-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​បើក​ភ្នែក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ ដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន លើ​ផែនដី​នេះ​ប៉ុណ្ណោះ សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះអង្គ នឹង​ទូលបង្គំ​ឡើយ។ ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗ ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។ ព្រះអង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះអង្គ។ សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន របស់​ព្រះអង្គ​ហើយ។ ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយ ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ​ណាស់ ដំបូន្មាន​ព្រះអង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។ ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!។ សូម​ជួយ​ទូលបង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ នៃ​ព្រះ‌ឱវាទ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្តែង!។ ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេង សូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញ ដូច​ព្រះអង្គ​បាន​សន្យា។ សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ! ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក។ ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ តាម​បទ‌បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។ សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា នៃ​បទ‌បញ្ជា​របស់​ព្រះអង្គ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា ទាំង​នេះ​ណាស់។ សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ! សូម​ទាញ​អារម្មណ៍​ទូលបង្គំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ព្រះអង្គ! សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។ សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ!

ទំនុកតម្កើង 119:17-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​រស់​នៅ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ នៅ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់ ទូលបង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​ប៉ុណ្ណោះ សូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូលបង្គំ​ឡើយ ព្រលឹង​ទូលបង្គំ​សង្រេង ដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃ ដែល​ត្រូវ​បណ្តាសា​ហើយ ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់ សូម​ដក​យក​ការ​ដំនៀល នឹង​ការ​មើល‌ងាយ​ពី​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូលបង្គំ​ដែរ អ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្ត របស់​ទ្រង់​វិញ ទូលបង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន ហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។ ៙ ព្រលឹង​ទូលបង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដី សូម​ប្រោស​ទូលបង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​បាន​ទូល​សំដែង​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ ហើយ​ទ្រង់​បាន​ឆ្លើយ​មក សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ​ផង សូម​ឲ្យ​ទូលបង្គំ​បាន​យល់​ក្នុង​ផ្លូវ​ឱវាទ​របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​នឹក​រំពឹង​ពី​ការ​អស្ចារ្យ​ទ្រង់ ព្រលឹង​ទូលបង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្ត សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូលបង្គំ​ចេញ ហើយ​អនុញ្ញាត​ប្រទាន​ក្រិត្យ‌វិន័យ​របស់​ទ្រង់​មក​ទូលបង្គំ ដោយ​ព្រះ‌គុណ ទូលបង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់​ហើយ ទូលបង្គំ​បាន​តាំង​ច្បាប់​របស់​ទ្រង់​នៅ​ចំពោះ​ភ្នែក​ដែរ ទូលបង្គំ​កាន់​ខ្ជាប់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ ទូលបង្គំ​នឹង​រត់​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​បង្គាប់​ទ្រង់ ដ្បិត​ទ្រង់​បាន​ពង្រីក​ចិត្ត​ទូលបង្គំ​ឡើង​ហើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ នៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង សូម​បណ្តាល​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់ របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់ សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូល ជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់ សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ច្បា​ប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន របស់​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ