ទំនុកតម្កើង 119:17-40

ទំនុកតម្កើង 119:17-40 គកស១៦

៙ សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ! ព្រលឹង​ទូល‌បង្គំ​សោក​សង្រេង ដោយ​ចង់​បាន វិន័យ​របស់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា។ ព្រះ‌អង្គ​បន្ទោស​មនុស្ស​ព្រហើន ជា​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពីបទ‌បញ្ជា របស់​ព្រះ‌អង្គ។ សូម​ដក​យក​ដំណៀល និង​ការ​មើល‌ងាយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានកាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ​ហើយ។ ទោះ​បី​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល‌បង្គំ​ក៏​ដោយ ក៏​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​តែ​សញ្ជឹង​គិត ពី​ច្បាប់របស់​ព្រះ‌អង្គ​ជានិច្ច។ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​ទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ ហើយ​សេចក្ដី​បន្ទាល់​ទាំង​នោះ ជា​ដំ‌បូន្មាន​ដល់​ទូល‌បង្គំ។ ៙ ព្រលឹង​ទូល‌បង្គំ​ជាប់​ស្អិត​នឹង​ធូលី​ដី សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! កាល​ទូល‌បង្គំ​បាន​ទូល​រៀប​រាប់ អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​ច្បាប់ របស់​ព្រះ‌អង្គ​ផង! សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ផ្លូវ នៃ​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​ព្រោះ​ទុក្ខ​ព្រួយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង! ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។ ទូល‌បង្គំ​ជាប់​ចិត្ត​នឹង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ! ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។ សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ! សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។ សូម​បង្វែរ​ពាក្យ​ដំណៀល ដែល​ទូល‌បង្គំ​ខ្លាច​នោះ​ចេញ ដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ មើល៍ ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។