ទំនុកតម្កើង 118:21-24
ទំនុកតម្កើង 118:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ទូលបង្គំអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ ហើយបានត្រឡប់ជាការសង្គ្រោះរបស់ទូលបង្គំ។ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ នេះហើយជាការដែលព្រះយេហូវ៉ាធ្វើ ជាការដ៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ។ នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
ទំនុកតម្កើង 118:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
ទំនុកតម្កើង 118:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំ ហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។ ៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។