ទំនុកតម្កើង 118

118
ចម្រៀង​ជ័យ​ជម្នះ
1ឱ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិតព្រះ‌អង្គ​ល្អ
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!
2៙ ចូរឲ្យ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖
«ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។
3ចូរ​ឲ្យ​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ពោល​ថា៖
«ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»
4ចូរ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា
ពោល​ថា៖ «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច»។
5៙ ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ
ព្រះ‌យេហូវ៉ា បាន​ឆ្លើយ​តបមក​ខ្ញុំ
ហើយ​បាន​ដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព។
6ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ
តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?
7ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ
ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ
ខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ
អស់​អ្នក​ដែល​ស្អប់​ខ្ញុំ។
8ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា
ជា​ជាង​ទុក​ចិត្ត​ដល់​មនុស្ស។
9ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា
ជា​ជាង​ទុក​ចិត្តដល់​ពួក​អ្នក​ធំ។
10៙ សាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ
តែ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!
11គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ
អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស
តែ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!
12គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ឃ្មុំ
តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ភ្លើង​ដែល​ឆេះ​បន្លា
ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!
13គេ​បាន​ច្រានខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល
តែ​ព្រះ‌យេហូវ៉ា​បាន​ជួយ​ខ្ញុំ។
14ព្រះ‌យេហូវ៉ា ជា​កម្លាំង និង​ជា​បទចម្រៀង​របស់​ខ្ញុំ
ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ខ្ញុំ។
15៙ នៅ​ក្នុងជំរំ​របស់​មនុស្ស​សុចរិត
មាន​ចម្រៀង​យ៉ាង​សប្បាយ​រីករាយ
អំពីការ​សង្គ្រោះ
គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ
16ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង
ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ!
17៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ
ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។
18ព្រះ‌យេហូវ៉ា បាន​វាយ​ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង
តែ​មិន​បាន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ។
19៙ សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ
ដើម្បីឲ្យ​ខ្ញុំ​បាន​ចូល​ទៅ
ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ។
20នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ា
មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ។
21៙ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ
ហើយ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ។
22ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ
នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។
23នេះ​ហើយ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ
ជា​ការ​ដ៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ។
24នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត
ចូរ​យើង​មាន​អំណរ
ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។
25៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អង្គ
សូម​សង្គ្រោះ​យើង​ខ្ញុំ!
ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរព្រះ‌អង្គ
សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ​ជ័យ!
26៙ សូម​ឲ្យ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម
ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ!
យើង​សូម​ឲ្យ‌ពរអ្នក​រាល់​គ្នា
ពី​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា។
27ព្រះ‌យេហូវ៉ា​ជា​ព្រះ
ព្រះ‌អង្គ​បាន​ប្រទាន​ពន្លឺ​បំភ្លឺ​យើង
ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា
ដោយ​ខ្សែ​ចុះ!
28៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
ទូល‌បង្គំ​នឹងលើ​តម្កើង​ព្រះ‌អង្គ។
29៙ ឱ​ចូរ​អរ​ព្រះគុណ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌អង្គ​ល្អ
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 118: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល