ទំនុកដំកើង 118
118
1ចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតទ្រង់ល្អ
សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថា
សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថា
សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប 4ឥឡូវនេះ គួរឲ្យអស់អ្នក
ដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថា
សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្ដីវេទនារបស់ខ្ញុំ
ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់
ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ
6ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ
តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន
7ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ
ជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរ
ដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំ
តាមបំណងចិត្តខ្ញុំ
8ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងមនុស្ស
9ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងពួកអ្នកធំ។
10៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ
តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
11គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិត
តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
12គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំ
តែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លា
ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
13គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួល
ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ
14ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំ
ក៏បានត្រឡប់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំដែរ។
15៙ នៅក្នុងលំនៅរបស់មនុស្សសុចរិត
នោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះ
ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ
16ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង
ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ។
17៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញ
ហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា
18ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង
តែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ
19សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅ
ហើយនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
20នេះហើយជាទ្វារនៃព្រះយេហូវ៉ា
ពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ
21ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំ
ហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។
22៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ
នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ
23នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ
ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ
24ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក
នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។
25៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់
សូមជួយសង្គ្រោះឥឡូវ
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់
សូមចាត់សេចក្ដីចំរើនមកឥឡូវ
26សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាម
ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ
យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ
អំពីដំណាក់នៃព្រះយេហូវ៉ា
27ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំ
ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនាដោយខ្សែចុះ
28ទ្រង់ជាព្រះនៃទូលបង្គំ
ហើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
ទ្រង់ជាព្រះនៃទូលបង្គំៗនឹងដំកើងទ្រង់ឡើង។
29៙ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់ល្អ
សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 118: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.