ទំនុកតម្កើង 118:15-29

ទំនុកតម្កើង 118:15-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោ នៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជម្នះ ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព។ ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់។ មែន​ហើយ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំង តែ​ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ។ ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់។ នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ព្រះ‌អម្ចាស់ មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ចូល​តាម​ទ្វារ​នេះ​បាន។ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។ ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ យើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មក យើង​នាំ​គ្នា​ត្រេក​អរ​សប្បាយ​រីក‌រាយ​នៅ​ថ្ងៃ​នេះ! ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ‌ជ័យ! សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​ដ៏​ពិត តែ​មួយ​ព្រះអង្គ ព្រះអង្គ​បំភ្លឺ​យើង ចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើង ហើយ​ហែ​ជា​ក្បួន រហូត​ដល់​ជ្រុង​អាសនៈ​របស់​ព្រះ‌អម្ចាស់! ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

ទំនុកតម្កើង 118:15-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ នៅ​ក្នុងជំរំ​របស់​មនុស្ស​សុចរិត មាន​ចម្រៀង​យ៉ាង​សប្បាយ​រីករាយ អំពីការ​សង្គ្រោះ គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ! ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។ ព្រះ‌យេហូវ៉ា បាន​វាយ​ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង តែ​មិន​បាន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ។ ៙ សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ចូល​ទៅ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ។ នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ា មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ។ ៙ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ ហើយ​បាន​ត្រឡប់​ជា​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ។ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។ នេះ​ហើយ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ ជា​ការ​ដ៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ។ នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អង្គ សូម​សង្គ្រោះ​យើង​ខ្ញុំ! ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ​ជ័យ! ៙ សូម​ឲ្យ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ! យើង​សូម​ឲ្យ‌ពរអ្នក​រាល់​គ្នា ពី​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ ព្រះ‌អង្គ​បាន​ប្រទាន​ពន្លឺ​បំភ្លឺ​យើង ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា ដោយ​ខ្សែ​ចុះ! ៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹងលើ​តម្កើង​ព្រះ‌អង្គ។ ៙ ឱ​ចូរ​អរ​ព្រះគុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

ទំនុកតម្កើង 118:15-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ នៅ​ក្នុង​លំនៅ​របស់​មនុស្ស​សុចរិត នោះ​មាន​ឮ​សំឡេង​ច្រៀង ដោយ​អំណរ​ពី​សេចក្ដី​សង្គ្រោះ ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ។ ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញ ហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​បាន​វាយ‌ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង តែ​មិន​បាន​បណ្តោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅ ហើយ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ា ពួក​មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឆ្លើយ​មក​ទូលបង្គំ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ទូលបង្គំ។ ៙ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ នេះ​គឺ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ ហើយ​ក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​កំណត់​ទុក នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីក‌រាយ​សប្បាយ​ឡើង។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ជួយ​សង្គ្រោះ​ឥឡូវ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ចាត់​សេចក្ដី​ចំរើន​មក​ឥឡូវ សូម​ឲ្យ​ព្រះ‌អង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ យើង​ខ្ញុំ​បាន​សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ អំពី​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺ​មក​យើង​ខ្ញុំ ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា​ដោយ​ខ្សែ​ចុះ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំៗ​នឹង​ដំកើង​ទ្រង់​ឡើង។ ៙ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។