ទំនុកតម្កើង 118:1-29
ទំនុកតម្កើង 118:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច! ៙ ចូរឲ្យសាសន៍អ៊ីស្រាអែលពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច»។ ចូរឲ្យពូជពង្សរបស់លោកអើរ៉ុនពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច» ចូរឲ្យអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច»។ ៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។ ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ ខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ អស់អ្នកដែលស្អប់ខ្ញុំ។ ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់មនុស្ស។ ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់ពួកអ្នកធំ។ ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះយេហូវ៉ាបានជួយខ្ញុំ។ ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។ ៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ! ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។ ព្រះយេហូវ៉ា បានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង តែមិនបានបណ្ដោយឲ្យខ្ញុំស្លាប់ទេ។ ៙ សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា ។ នេះហើយជាទ្វារនៃព្រះយេហូវ៉ា មនុស្សសុចរិតនឹងចូលតាមទ្វារនេះ។ ៙ ទូលបង្គំអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ ហើយបានត្រឡប់ជាការសង្គ្រោះរបស់ទូលបង្គំ។ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ នេះហើយជាការដែលព្រះយេហូវ៉ាធ្វើ ជាការដ៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ។ នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។ ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមសង្គ្រោះយើងខ្ញុំ! ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! ៙ សូមឲ្យព្រះអង្គដែលយាងមកក្នុងព្រះនាម ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ! យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងដំណាក់របស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាជាព្រះ ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា ដោយខ្សែចុះ! ៙ ព្រះអង្គជាព្រះនៃទូលបង្គំ ហើយទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើតម្កើងព្រះអង្គ។ ៙ ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ទំនុកតម្កើង 118:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! សូមឲ្យជនជាតិអ៊ីស្រាអែលពោលឡើងថា៖ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! សូមឲ្យកូនចៅរបស់លោកអើរ៉ុន ពោលឡើងថា៖ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! សូមឲ្យអស់អ្នកដែលគោរពកោតខ្លាច ព្រះអម្ចាស់ពោលឡើងថា៖ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរីភាព។ ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។ ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើអ្នកធំ។ ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ តែខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី តែខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។ ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។ មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោ នៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជម្នះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប ដោយឫទ្ធានុភាព! ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកប ដោយឫទ្ធានុភាព។ ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ ហើយខ្ញុំនឹងរៀបរាប់អំពី ស្នាព្រះហស្ដរបស់ព្រះអម្ចាស់។ មែនហើយ ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែព្រះអង្គមិនបណ្ដោយឲ្យខ្ញុំស្លាប់ឡើយ។ ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិត ឲ្យខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។ នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ! ព្រះអម្ចាស់អើយ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! សូមលើកតម្កើងព្រះអង្គដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិត តែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់! ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ទំនុកតម្កើង 118:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ឥឡូវនេះ គួរឲ្យអស់អ្នក ដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ ជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរ ដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំ តាមបំណងចិត្តខ្ញុំ ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងមនុស្ស ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងពួកអ្នកធំ។ ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិត តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំ តែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លា ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួល ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំ ក៏បានត្រឡប់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំដែរ។ ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិត នោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ។ ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញ ហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង តែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅ ហើយនឹងអរព្រះគុណដល់ព្រះយេហូវ៉ា នេះហើយជាទ្វារនៃព្រះយេហូវ៉ា ពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំ ហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។ ៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។ ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមជួយសង្គ្រោះឥឡូវ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមចាត់សេចក្ដីចំរើនមកឥឡូវ សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាម ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ អំពីដំណាក់នៃព្រះយេហូវ៉ា ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំ ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនាដោយខ្សែចុះ ទ្រង់ជាព្រះនៃទូលបង្គំ ហើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ទ្រង់ជាព្រះនៃទូលបង្គំៗនឹងដំកើងទ្រង់ឡើង។ ៙ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។