ទំនុកតម្កើង 113:1-9

ទំនុកតម្កើង 113:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ចុះ ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា! ៙ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ប្រកប​ដោយ​ព្រះ‌ពរ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ! ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ រហូត​ដល់​ទី​ថ្ងៃ​លិច ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ត្រូវ​បាន​សរសើរតម្កើង! ព្រះ‌យេហូវ៉ា​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ! ៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​ឱន​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី។ ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ។ ព្រះ‌អង្គប្រទាន​ឲ្យ​ស្ត្រី​អារមាន​ផ្ទះ​សំបែង ហើយ​ឲ្យ​នាង​មាន​កូន​ដោយ​រីក‌រាយ ហាលេលូយ៉ា !

ទំនុកតម្កើង 113:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ! តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជា‌ជាតិ​ទាំង‌ឡាយ សិរី‌រុងរឿង​របស់​ព្រះអង្គ​ខ្ពស់​ជាង ផ្ទៃ​មេឃ​ទៅ​ទៀត។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​បាន? ព្រះអង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត ព្រះអង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែនដី ដែល​នៅ​ខាង​ក្រោម​ព្រះអង្គ។ ព្រះអង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី ព្រះអង្គ​លើក​មនុស្ស​ទុគ៌ត​ឡើង​ពី​ភក់​ជ្រាំ ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាច រួម​ជា​មួយ​ពួក​អ្នក​ធំ គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោម ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូន ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។ ហាលេ‌លូយ៉ា!

ទំនុកតម្កើង 113:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ចុះ ចូរ​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប​ត​ទៅ ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច នោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​គួរ​សរសើរ ព្រះ‌យេហូវ៉ា​ទ្រង់​ស្ថិត​នៅ​ទី​ខ្ពស់​លើ​គ្រប់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​នៃ​ទ្រង់​ក៏​ខ្ពស់​ជាង​ផ្ទៃ​មេឃ តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ ទ្រង់​ឱន​ព្រះ‌នេត្រ ដើម្បី​ទត​មើល​ផ្ទៃ​មេឃ នឹង​ផែនដី ទ្រង់​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម ដើម្បី​នឹង​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ធំ គឺ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​នៃ​រាស្ត្រ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​ស្រី​អារ​បាន​ផ្ទះ‌សំបែង ហើយ​ឲ្យ​មាន​កូន​ដោយ​រីក‌រាយ​វិញ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ