ទំនុកតម្កើង 113:1-9

ទំនុកតម្កើង 113:1-9 គកស១៦

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ចុះ ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា! ៙ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ប្រកប​ដោយ​ព្រះ‌ពរ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ! ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ រហូត​ដល់​ទី​ថ្ងៃ​លិច ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ត្រូវ​បាន​សរសើរតម្កើង! ព្រះ‌យេហូវ៉ា​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ! ៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​ឱន​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី។ ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ។ ព្រះ‌អង្គប្រទាន​ឲ្យ​ស្ត្រី​អារមាន​ផ្ទះ​សំបែង ហើយ​ឲ្យ​នាង​មាន​កូន​ដោយ​រីក‌រាយ ហាលេលូយ៉ា !