ទំនុកតម្កើង 112:1-10

ទំនុកតម្កើង 112:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ពូជ‌ពង្ស​របស់​អ្នក​នោះនឹង​ខ្លាំង​ពូកែ​នៅ​ក្នុង​ស្រុក ជំនាន់​មនុស្ស​ទៀង​ត្រង់​នឹង​បាន​ពរ។ ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ នៅ​ជាប់​ជា​ដរាប។ មាន​ពន្លឺភ្លឺ​ឡើងក្នុង​ទី​ងងឹត សម្រាប់​មនុស្ស​ទៀង​ត្រង់ ជាអ្នក​មាន​ចិត្ត​ប្រណី​សន្ដោស មេត្តា‌ករុណា និង​សុចរិត។ អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។ ដ្បិត​មនុស្ស​សុចរិត​មិនត្រូវ​រង្គើ​ឡើយ គេ​តែង​នឹក​ចាំ​ពី​អ្នក​នោះ​ជា​រៀង​រហូត។ អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ គេ​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។ ចិត្ត​គេ​នឹង​ន គេ​នឹង​មិន​ភ័យ​ខ្លាចអ្វី​ឡើយ រហូត​ទាល់​តែ​បាន​ជ័យ​ជម្នះ លើ​ខ្មាំង​សត្រូវ​របស់​គេ។ គេ​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គេ​បាន​ឲ្យ​ទៅ​មនុស្ស​ក្រីក្រ សេចក្ដី​សុចរិត​របស់​គេ​នៅជាប់​ជា​ដរាប គេ​នឹង​បាន​ខ្ពស់​មុខ ទាំង​មាន​កិត្តិយស។ មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ខឹង គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់ នឹង​វិនាស​សូន្យ​ទៅ។

ទំនុកតម្កើង 112:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម ព្រះ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ! ពូជ‌ពង្ស​របស់​គេ​នឹង​មាន​អំណាច​នៅ​ក្នុង​ស្រុក ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពរ ដល់​មនុស្ស​ទៀង​ត្រង់។ នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ នឹង​មាន​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើង បំភ្លឺ​មនុស្ស​ទៀង​ត្រង់ ដែល​មាន​ចិត្ត​ប្រណី​សន្ដោស អាណិត​មេត្តា និង​សុចរិត។ អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។ មនុស្ស​ល្អ​នឹង​បាន​សុខ​ជានិច្ច គេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។ គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ទាំង​ស្រុង។ គាត់​មាន​ចិត្ត​នឹង‌ន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។ គាត់​តែង​ចែក​ទាន​ឲ្យ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​គាត់​ចម្រើន​កម្លាំង​កាន់​តែ​រុងរឿង​ឡើងៗ។ ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់ ពុំ​ដែល​បាន​សម្រេច​ដូច​បំណង​ឡើយ។

ទំនុកតម្កើង 112:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ពូជ‌ពង្ស​របស់​អ្នក​នោះ នឹង​បាន​ពូកែ​នៅ​ផែនដី ឯ​ដំណ​មនុស្ស​ទៀង​ត្រង់​គេ​នឹង​បាន​ពរ ចំណែក​ធន‌ធាន នឹង​ទ្រព្យ​សម្បត្តិ រមែង​មាន​នៅ​ក្នុង​ផ្ទះ​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ​ក៏​គង់​នៅ​ជា​ដរាប មាន​ពន្លឺ​ភ្លឺ​ឡើង ក្នុង​ទី​ងងឹត សំរាប់​មនុស្ស​ទៀង​ត្រង់ គេ​ជា​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​មេត្តា‌ករុណា អាណិត‌អាសូរ ហើយ​សុចរិត អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ អ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ច‌ការ​ខ្លួន តាម​សេចក្ដី​យុត្តិ‌ធម៌ ដ្បិត​គេ​មិន​ត្រូវ​រង្គើ​ឡើយ នឹង​ចេះ​តែ​មាន​សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នៅ​ជា​រៀង​រាប​ដរាប អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ ចិត្ត​គេ​បាន​មាំ‌មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ចិត្ត​គេ​បាន​តាំង​ខ្ជាប់‌ខ្ជួន គេ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ដរាប​ដល់​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​សត្រូវ​ខ្លួន គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់ សេចក្ដី​សុចរិត​របស់​គេ​គង់​នៅ​ជា​ដរាប មនុស្ស​ទាំង‌ឡាយ​នឹង​លើក​មុខ​អ្នក​នោះ ឲ្យ​មាន​កិត្តិសព្ទ ពួក​មនុស្ស​អាក្រក់​នឹង​មើល​ឃើញ ហើយ​នឹង​មាន​ចិត្ត​ក្នាញ់ គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ បំណង​ចិត្ត​នៃ​មនុស្ស​អាក្រក់​នោះ នឹង​វិនាស​សូន្យ​ទៅ​វិញ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ