ទំនុកតម្កើង 112:1-10

ទំនុកតម្កើង 112:1-10 គកស១៦

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ពូជ‌ពង្ស​របស់​អ្នក​នោះនឹង​ខ្លាំង​ពូកែ​នៅ​ក្នុង​ស្រុក ជំនាន់​មនុស្ស​ទៀង​ត្រង់​នឹង​បាន​ពរ។ ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ នៅ​ជាប់​ជា​ដរាប។ មាន​ពន្លឺភ្លឺ​ឡើងក្នុង​ទី​ងងឹត សម្រាប់​មនុស្ស​ទៀង​ត្រង់ ជាអ្នក​មាន​ចិត្ត​ប្រណី​សន្ដោស មេត្តា‌ករុណា និង​សុចរិត។ អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។ ដ្បិត​មនុស្ស​សុចរិត​មិនត្រូវ​រង្គើ​ឡើយ គេ​តែង​នឹក​ចាំ​ពី​អ្នក​នោះ​ជា​រៀង​រហូត។ អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ គេ​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។ ចិត្ត​គេ​នឹង​ន គេ​នឹង​មិន​ភ័យ​ខ្លាចអ្វី​ឡើយ រហូត​ទាល់​តែ​បាន​ជ័យ​ជម្នះ លើ​ខ្មាំង​សត្រូវ​របស់​គេ។ គេ​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គេ​បាន​ឲ្យ​ទៅ​មនុស្ស​ក្រីក្រ សេចក្ដី​សុចរិត​របស់​គេ​នៅជាប់​ជា​ដរាប គេ​នឹង​បាន​ខ្ពស់​មុខ ទាំង​មាន​កិត្តិយស។ មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ខឹង គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់ នឹង​វិនាស​សូន្យ​ទៅ។