ទំនុកតម្កើង 104:14-27
ទំនុកតម្កើង 104:14-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វ ព្រះអង្គក៏ធ្វើឲ្យដំណាំដុះឡើង សម្រាប់មនុស្សលោក ដើម្បីឲ្យគេមានអាហារបរិភោគ មានស្រាទំពាំងបាយជូរផឹកឲ្យសប្បាយចិត្ត មានប្រេងសម្រាប់លាបមុខឲ្យបានស្រស់ស្អាត ព្រមទាំងម្ហូបអាហារបរិភោគឲ្យមានកម្លាំង។ សូម្បីតែដើមឈើដែលព្រះអម្ចាស់បានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់ ក៏មានទឹកគ្រប់គ្រាន់ដែរ។ បក្សាបក្សីនាំគ្នាធ្វើសំបុក នៅលើដើមឈើទាំងនោះ ហើយសត្វកុកនាំគ្នាធ្វើទ្រនំ នៅលើដើមឈើទាល។ រីឯភ្នំខ្ពស់ៗជាជម្រករបស់ពពែភ្នំ ហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។ ព្រះអង្គបានបង្កើតព្រះច័ន្ទ ដើម្បីកំណត់ពេលវេលា ហើយព្រះអាទិត្យក៏ស្គាល់ពេល ដែលត្រូវលិចទៅវិញដែរ។ ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា សត្វសិង្ហស្ទាវគ្រហឹមរករំពា វាទាមទារចំណីពីព្រះជាម្ចាស់។ ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយ ទៅដេកក្នុងរូងរបស់វាវិញ។ ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះ ដើម្បីបំពេញការងាររៀងៗខ្លួន គេធ្វើការរហូតដល់ល្ងាច។ ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនា ព្រះអង្គធ្វើការទាំងអស់នោះ ប្រកបដោយព្រះប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលព្រះអង្គបានបង្កើតមក។ មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែក នៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំ ទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។ នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលព្រះអង្គបង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។ សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើព្រះអង្គ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។
ទំនុកតម្កើង 104:14-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក ព្រមទាំងស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ នឹងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែត គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅ ឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ អស់ទាំងភ្នំខ្ពស់ជាទីសំរាប់ពពែព្រៃ ហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម ទ្រង់បានដំរូវព្រះចន្ទ ទុកសំរាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពា ក៏សូមអាហារពីព្រះមក លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅ ចូលទៅដេកក្នុងរូងវាវិញ ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួន ហើយក៏ធ្វើការដរាបដល់ល្ងាច ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត នុ៎ះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ ក៏មាននាវាបើកទៅមក ហើយមានសត្វធំសំបើម ដែលទ្រង់ បានបង្កើតឲ្យលេងក្នុងទឹក គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល
ទំនុកតម្កើង 104:14-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។ ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា មានទឹកជាបរិបូរ គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលព្រះអង្គបានដាំ។ បក្សាបក្សីនាំគ្នាធ្វើសម្បុក នៅលើដើមឈើទាំងនោះ ឯសត្វកុកមានលំនៅរបស់វា នៅលើដើមកកោះ។ ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រក នៃសត្វទន្សាយថ្ម។ ព្រះអង្គបានតម្រូវព្រះចន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។ ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។ សិង្ហស្ទាវគ្រហឹមរកចាប់រំពា វាស្វែងរកអាហាររបស់វាពីព្រះ។ កាលព្រះអាទិត្យរះឡើង វាក៏ដកខ្លួនថយ ចូលទៅដេកក្នុងរូងរបស់វាវិញ។ ឯមនុស្សចេញទៅធ្វើការរបស់ខ្លួន ហើយគេធ្វើការរហូតដល់ល្ងាច។ ៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។ ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។ មាននាវាបើកទៅមក ហើយមានសត្វធំសម្បើមដែលព្រះអង្គ បានបង្កើតមកឲ្យលេងនៅក្នុងសមុទ្រ។ ៙ គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។