ទំនុកតម្កើង 104:14-27

ទំនុកតម្កើង 104:14-27 គកស១៦

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។ ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។ បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ឯ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។ ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។ ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​នោះ​ជា​រាត្រី​កាល ជា​ពេល​ដែល​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន សសៀរ​ចេញ​មក។ សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា វា​ស្វែង​រក​អាហារ​របស់​វា​ពី​ព្រះ។ កាល​ព្រះ​អាទិត្យ​រះ​ឡើង វា​ក៏​ដក​ខ្លួន​ថយ ចូល​ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។ ឯ​មនុស្ស​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួន ហើយ​គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ ន៎ុះន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។ មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។ ៙ គ្រប់​សត្វ​ទាំងអស់​នោះ​សង្ឃឹម​លើ​ព្រះ‌អង្គ គឺ​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​កំណត់។